ព័ត៌មានអន្តរជាតិ

មន្ត្រីអាមេរិកទទួលស្គាល់ថា រុស្ស៊ីនឹងនៅតែជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ, គ្មាននរណាម្នាក់អាចផ្លាស់ប្តូរបាននោះទេ

បរទេស៖ រុស្ស៊ីនឹងនៅតែជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្តូរបាននោះទេ , នេះបើតាមមន្ត្រីសហរដ្ឋអាមេរិកដែលបានទទួលស្គាល់បែបនេះ បន្ទាប់ពីសំណើរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងការដកទីក្រុងម៉ូស្គូចេញពីស្ថាប័នដ៏មានឥទ្ធិពលបំផុតរបស់អង្គការសហប្រជាជាតិ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យសេតវិមាន លោក Jen Psaki ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា “ការខកចិត្តរបស់ ប្រធានាធិបតី Zelensky ដែលយើងចែករំលែកអំពីការពិតថា រុស្ស៊ីជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ យើងមិនឃើញថាមានការផ្លាស់ប្តូរ (ដករុស្ស៊ីចេញ) នោះទេ”

នៅព្រឹកថ្ងៃដដែលនោះ លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ដែលបានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីការស្លាប់ជនស៊ីវិលដែលត្រូវបានចោទប្រកាន់នៅក្នុងទីក្រុង Bucha របស់អ៊ុយក្រែន។ ខណៈដែលកងទ័ពរុស្ស៊ីរងការចោទប្រកាន់ថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម មេដឹកនាំអ៊ុយក្រែនបានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខឱ្យដកទីក្រុងមូស្គូចេញ ឬរំសាយចោល៕ប្រែសម្រួលៈ ណៃ តុលា

To Top