ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ៖ ការ ពិភាក្សាលើការធានាសន្តិសុខជាមួយ ប្រទេសដៃគូ នឹងបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍


គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា ក្រុងគៀវ នឹងបញ្ចប់កិច្ចពិភាក្សា ស្តីពីការធានាសន្តិសុខជាមួយប្រទេសជាដៃគូក្នុងរយៈពេលមួយសប្តាហ៍។

លោក Podolyak បានលើកឡើងថា “ការផ្គត់ផ្គង់អាវុធ ការបិទមេឃ ការប្រឹក្សាយោធា និងមធ្យោបាយសម្រាប់ការទិញអាវុធបន្ថែមយ៉ាងឆាប់រហ័សគឺមានសារៈសំខាន់សម្រាប់ពួកយើង។ ខ្ញុំគិតថាបញ្ហាទាំងនេះអាចត្រូវបានបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍”។

កាលពីថ្ងៃទី១៦ ខែមេសា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងថា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អ៊ីតាលី និងតួកគីបានបង្ហាញឆន្ទៈរបស់ពួកគេក្នុងការចូលរួមក្នុងការបង្កើតប្រព័ន្ធធានាសន្តិសុខសម្រាប់អ៊ុយក្រែន។

របាយការណ៍បានឲ្យដឹងថា ទីប្រឹក្សារបស់មេដឹកនាំប្រទេសប៉ូឡូញ អាល្លឺម៉ង់ បារាំង និងអ៊ីស្រាអែល តាមសេចក្តីរាយការណ៍បានសម្តែងការត្រៀមខ្លួន ដើម្បីពិភាក្សាអំពីបញ្ជីនៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។

នៅក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីកាលពីខែមុន ទីក្រុងគៀវបានស្នើឱ្យចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិថ្មីមួយស្តីពីការធានាសន្តិសុខ ដែលកំណត់កាតព្វកិច្ចសម្រាប់ប្រទេសអ្នកធានាក្នុងការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ក្នុងករណីមានការវាយប្រហារ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top