ព័ត៌មានអន្តរជាតិ

IMF៖ ការធ្លាក់ចុះយ៉ាង ឆាប់រហ័សរបស់ប្រាក់យ៉េន អាចរារាំងដល់ការងើបឡើងវិញ ក្រោយជំងឺរាតត្បាតរបស់ប្រទេសជប៉ុន

តូក្យូ៖ ប្រធានបេសកកម្មជប៉ុន របស់មូលនិធិរូបិយវត្ថុអន្តរជាតិជឿជាក់ថា ការធ្លាក់ចុះយ៉ាងឆាប់រហ័សរបស់ ប្រាក់យ៉េននាពេលថ្មីៗនេះ អាចរារាំងសេដ្ឋកិច្ចជប៉ុន ដែលរងគ្រោះដោយជំងឺរាតត្បាត ពីការវិលត្រឡប់ទៅរកមាគ៌ាកំណើន ប្រកបដោយស្ថិរភាព ដោយការបង្កើនថ្លៃដើមនាំចូល និងប៉ះពាល់ដល់ការចំណាយ របស់អ្នកប្រើប្រាស់។

លោក Ranil Salgado បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាលាយលក្ខណ៍អក្សរនាពេលថ្មីៗនេះជាមួយ ព័ត៌មានក្យូដូថា ប្រាក់យ៉េនបានធ្លាក់ចុះដល់ កម្រិតទាបរយៈពេល ២០ឆ្នាំធៀបនឹងប្រាក់ដុល្លារ កាលពីសប្តាហ៍មុនគឺជាការឆ្លុះបញ្ចាំង ពីការសម្រេចចិត្តរបស់ធនាគារកណ្តាលជប៉ុន ក្នុងការបន្តជាមួយនឹងការ កំណត់បន្ធូរបន្ថយរូបិយវត្ថុរបស់ខ្លួននៅពេល ដែលធនាគារកណ្តាលនៅក្នុង សេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត កំពុងរឹតបន្តឹង។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានបេសកកម្មរបស់ IMF ជប៉ុនបានឲ្យដឹងថា ធនាគារកណ្តាលជប៉ុន គួរតែបន្តដំណើរទៅមុខទៀត រហូតដល់វាឈានដល់ គោលដៅអតិផរណា ២ភាគរយរបស់ខ្លួន ខណៈដែល “អតិផរណានឹងធ្លាក់ចុះមកវិញ នៅពេលដែលតម្លៃខ្ពស់ (នៃទំនិញនាំចូល) ធ្លាក់ចុះ”។

រូបិយប័ណ្ណជប៉ុនបានធ្លាក់ចុះជិត ១៥យ៉េនធៀបនឹងប្រាក់ដុល្លារ ចាប់តាំងពីដើមខែមីនា ដោយបានធ្លាក់ចុះយ៉ាងខ្លី ដល់តំបន់ពាក់កណ្តាល ១២៩យ៉េន កាលពីថ្ងៃពុធសប្តាហ៍មុន។

ប្រាក់យ៉េនដែលខ្សោយ ជាធម្មតាផ្តល់អត្ថប្រយោជន៍ ដល់ក្រុមហ៊ុននាំចេញរបស់ជប៉ុន ដោយសារប្រាក់ចំណេញ ដែលទទួលបានពីបរទេសកើនឡើង នៅពេលធ្វើមាតុភូមិនិវត្តន៍ ហើយផលិតផលដែលផលិតនៅជប៉ុន កាន់តែមានតម្លៃប្រកួតប្រជែង នៅបរទេស។

ប៉ុន្តែការធ្លាក់ថ្លៃនាពេលថ្មីៗនេះ របស់ប្រាក់យ៉េនកំពុងគំរាមកំហែង ដល់ប្រទេសជប៉ុន ដែលខ្វះខាតធនធាន ដោយបង្កើនតម្លៃថាមពលនាំចូល និងទំនិញផ្សេងទៀតដែលបាន ឃើញការកើនឡើងតម្លៃយ៉ាងខ្លាំង ដែលជំរុញដោយសង្គ្រាម នៅអ៊ុយក្រែន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top