ព័ត៌មានអន្តរជាតិ

Update: រដ្ឋមន្រ្តីការពារជាតិអាមេរិក សន្យាថា នឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីជួយក្រុងគៀវ ឈ្នះជម្លោះជាមួយរុស្ស៊ី

បរទេស៖ រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បាននិយាយកាលពីថ្ងៃអង្គារ នៅក្នុងសន្និសីទស្តីពីការផ្គត់ផ្គង់អាវុធ និងឧបករណ៍យោធាឱ្យទីក្រុងគៀវ ក្នុងប្រទេសអាល្លឺម៉ង់ថា សហរដ្ឋអាមេរិកនៅតែកំពុងវិភាគឧប្បត្តិហេតុថ្មីៗ នៅក្នុងតំបន់បំបែកខ្លួនគឺ Transnistria ហើយមិនចង់ឃើញជម្លោះ ក្នុងប្រទេសអ៊ុយក្រែន “ហៀរ” ទៅកាន់តំបន់នេះទេ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Austin បានប្រាប់អ្នកយកព័ត៌មាន នៅឯមូលដ្ឋានយោធា Ramstein ក្នុងប្រទេសអាល្លឺម៉ង់ថា “យើងនៅតែកំពុងរកមើលមូលហេតុ នៃរឿងនោះ ដោយនៅតែធ្វើការវិភាគនៅទីនោះ ដូច្នេះពិតជាមិនប្រាកដថា វាជាអ្វីនោះទេ ប៉ុន្តែនោះជាអ្វីដែលយើងនឹងបន្តផ្តោតទៅលើ” ។

លោកបានបន្ថែមថា “ពិតណាស់ យើងមិនចង់ឃើញការលេចធ្លាយ ណាមួយទេ ហើយជាថ្មីម្តងទៀត វាជារឿងសំខាន់ក្នុងការធ្វើឱ្យប្រាកដថា យើងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីធានាថាអ៊ុយក្រែន ទទួលបានជោគជ័យ” ។

លោក Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក ស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីរៀបចំសម្ព័ន្ធមិត្តអាមេរិកចំនួន ៤០ នាក់ ដើម្បីបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ដោយសន្យាថានឹង “ព្យាយាមឱ្យអស់ពីសមត្ថភាព” ដើម្បីជួយក្រុងកៀវ “ឈ្នះ” ជម្លោះជាមួយរុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top