ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ព្រមានអំពីការផ្តល់ជំនួយ សព្វាវុធ ដល់អ៊ុយក្រែន

បរទេស៖ ក្រុមអ្នកជំនាញ បានប្រាប់សមាជិកសភា អាល្លឺម៉ង់ នៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយ កាលពីពាក់កណ្តាលខែមីនាថា ប្រសិនបើប្រទេសមួយ ផ្តល់ឱ្យភាគីជម្លោះម្ខាង ជាមួយ “ការណែនាំ ឬការហ្វឹកហ្វឺន” រួមទាំងការប្រើប្រាស់អាវុធ ជាក់លាក់បន្ថែម លើការផ្គត់ផ្គង់អាវុធ វាអាចបាត់បង់ ឋានៈ “សុវត្ថិភាព” របស់ខ្លួនជារដ្ឋអព្យាក្រឹត ក្រោមច្បាប់អន្តរជាតិ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីជាមានការសន្និដ្ឋានបែបនេះក៏ដោយ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានបង្កើនការបញ្ជូនសព្វាវុធ ទៅឱ្យអ៊ុយក្រែន ក្នុងរយៈពេលប្រាំមួយសប្តាហ៍ កន្លងមកនេះ។ ក្រុមមន្ត្រីបានលុបបំបាត់កង្វល់ ដោយនិយាយថា ពួកគេមិនជឿថា ពួកគេកំពុងឆ្លងកាត់ខ្សែបន្ទាត់ក្រហម ដោយគ្រាន់តែអនុញ្ញាតឱ្យ ទាហានអ៊ុយក្រែន ហ្វឹកហាត់នៅមូលដ្ឋានទ័ពអាមេរិក នៅលើទឹកដីអាល្លឺម៉ង់។ អ្នកនាំពាក្យលោក Steffen Hebestreit បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋាភិបាលបានដឹងយ៉ាងច្បាស់ អំពីរបាយការណ៍ខែមីនា។

របាយការណ៍ អ្នកជំនាញនិយាយថា ការផ្តល់ការហ្វឹកហ្វឺន និងការបញ្ជូនអាវុធដល់កងទ័ពអ៊ុយក្រែន អាចធ្វើឱ្យទីក្រុងប៊ែរឡាំង ក្លាយជាភាគីនៃសង្គ្រាម។

លោកបាននិយាយថា «យើងជឿជាក់ថា ការបណ្តុះបណ្តាលទាហាន អ៊ុយក្រែន ក្នុងការប្រើប្រាស់ ប្រព័ន្ធអាវុធនៅក្នុងប្រទេសអាល្លឺម៉ង់ នៅតែមិនមានន័យថា ចូលរួមសង្គ្រាមដោយផ្ទាល់នោះទេ»។

រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសផែនការ ផ្គត់ផ្គង់អ៊ុយក្រែន នូវកាំភ្លើងប្រឆាំងយន្តហោះស្វ័យប្រវត្តិ កាលពីសប្តាហ៍មុន។ រដ្ឋមន្ត្រីការពារជាតិ Christine Lambrecht ក៏បានប្រកាសនៅឯមូលដ្ឋាន Ramstein របស់សហរដ្ឋអាមេរិកថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង នឹងគាំទ្រការបណ្តុះបណ្តាល ទាហានអ៊ុយក្រែន ជាមួយនឹងប្រព័ន្ធកាំភ្លើងធំ របស់លោកខាងលិច៕

ប្រែសម្រួលៈ ណៃ តុលា

To Top