ព័ត៌មានអន្តរជាតិ

បេឡារុស្ស ចាប់ផ្តើមសមយុទ្ធយោធា ដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបញ្ជាក់ថា មិនសំដៅប្រឆាំងនឹង ប្រទេសណាមួយឡើយ

បរទេស៖ ប្រទេសបេឡារុស្ស បានចាប់ផ្តើមសមយុទ្ធយោធា ដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងគោលបំណង ពិនិត្យមើលការត្រៀមខ្លួន ប្រយុទ្ធរបស់កងកម្លាំងរបស់ខ្លួន។ ក្រសួងការពារជាតិ របស់ប្រទេសនេះ បានធ្វើសេចក្តីប្រកាស នៅលើបណ្តាញ Telegram របស់ខ្លួនកាលពីថ្ងៃពុធ ដោយសង្កត់ធ្ងន់ថា សមយុទ្ធនេះមិនសំដៅប្រឆាំងនឹង ប្រទេសណាមួយឡើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីវាយតម្លៃការត្រៀមខ្លួនរបស់កងទ័ពក្នុងការឆ្លើយតបទៅនឹង “ស្ថានភាពវិបត្តិ” ក្នុងលក្ខណៈឆាប់រហ័ស។ ទាហានដែលចូលរួមក្នុងសមយុទ្ធ នឹងត្រូវធ្វើប្រតិបត្តិការ ក្នុងតំបន់ដែលមិនស្គាល់ក្នុង “បរិយាកាសដែលមានការផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស”។

ក្រសួងការពារជាតិប្រទេសនេះ បានកត់សម្គាល់ថា វិសាលភាពនៃសមយុទ្ធនឹង កើនឡើងជាលំដាប់ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលទីក្រុង Minsk ពិនិត្យមើលសមត្ថភាពយោធារបស់ខ្លួន ទាំងប្រឆាំងនឹង “ការគំរាមកំហែងនៅលើដី ក៏ដូចជានៅលើអាកាស” ។ លើសពីនោះ ការសង្កត់ធ្ងន់ពិសេស នឹងត្រូវបានដាក់លើជំនួយសម្ភារៈ និងភស្តុភារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top