ដាវ៉ាវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងថា សន្តិសុខចំនួន៣នាក់ ត្រូវបានគេសម្លាប់នៅថ្ងៃចន្ទនេះ នៅគ្រាដែលខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារនៅការិយាល័យ បោះឆ្នោតមួយក្នុងតំបន់ស្ងប់ស្ងាត់ នៃភាគខាងត្បូងប្រទេសហ្វីលីពីន ខណៈដែលប្រជាជនហ្វីលីពីន រាប់លាននាក់បានបោះឆ្នោត ក្នុងការបោះឆ្នោតជាតិ ។
ការបោះឆ្នោត គឺជាពេលវេលាដែលមានការ ប្រែប្រួលជាប្រពៃណីនៅក្នុងប្រទេស ដែលមានច្បាប់គ្រប់គ្រងអាវុធធូររលុង និងវប្បធម៌នយោបាយដ៏ហឹង្សា ប៉ុន្តែប៉ូលិសបានឲ្យដឹងថា រដូវកាលនេះមានសន្តិភាព ។
គួរបញ្ជាក់ថា ការបាញ់ប្រហារដ៏សាហាវនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីការបោះឆ្នោត បានដំណើរការនៅក្នុងក្រុង Buluan លើកោះ Mindanao ដែលជាជម្រកសម្រាប់ ក្រុមប្រដាប់អាវុធជាច្រើនរាប់ ចាប់ពីពួកបះបោរកុម្មុយនិស្ត រហូតដល់ក្រុមសកម្មប្រយុទ្ធឥស្លាម ។
អតីតអភិបាលក្រុង Ibrahim Mangudadatu បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP ថា ពលរដ្ឋនៅក្នុងសាលា ដែលត្រូវបានប្រើជាការិយាល័យ បោះឆ្នោតបានរត់ដើម្បីបិទបាំង នៅគ្រាដែលការបាញ់ប្រហារ បានចាប់ផ្តើម ។
អ្នកនាំពាក្យប៉ូលិសខេត្ត Maguindanao លោកឧត្តមសេនីយ៍ Roldan Kuntong បានលើកឡើងថា ឆ្មាំទី៩ម្នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ ។
ករណីនេះបានកើតឡើង បន្ទាប់ពីគ្រាប់បែកដៃចំនួន ៥គ្រាប់ បានផ្ទុះនៅខាងក្រៅការិយាល័យ បោះឆ្នោតក្នុងក្រុង Datu Unsay កាលពីល្ងាចថ្ងៃអាទិត្យ ដែលបានបណ្តាលឲ្យមនុស្ស ៩នាក់រងរបួស ។
នៅប៉ុន្មាននាទីបន្ទាប់ពី ការវាយប្រហារនោះ គ្រាប់បែកដៃ១គ្រាប់ បានផ្ទុះនៅក្នុងក្រុង Shariff Aguak ដែលនៅជិតខាង ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។ ទីក្រុងទាំងពីរនេះក៏ស្ថិតនៅក្នុងខេត្ត Maguindanao ដូចគ្នា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា