ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន កំពុងពិភាក្សា ជាមួយរុស្ស៊ីជុំវិញ ការជម្លៀស អ្នករបួសចេញពី រោងចក្រ Azovstal ទីក្រុង Mariupol

គៀវ ៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងធ្វើការចរចា ជាមួយរុស្ស៊ីជុំវិញ ការជម្លៀសទាហាន ដែលរងរបួសយ៉ាងធ្ងន់ធ្ងរ ចេញពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol ។

លោកស្រី Vereshchuk បានសរសេរនៅលើ Telegram ឲ្យដឹងថា អ៊ុយក្រែនស្វែងរកការផ្លាស់ប្តូរ ទាហានដែលរងរបួស យ៉ាងធ្ងន់ធ្ងរចំនួន ៣៨ នាក់ពីរោងចក្រ Azovstal សម្រាប់យោធារុស្ស៊ី ដែលត្រូវបានចាប់ខ្លួន ។

លោកស្រី Vereshchuk បានលើកឡើងថា បច្ចុប្បន្ននេះ មិនមានការពិភាក្សា ស្តីពីការផ្លាស់ប្តូរមនុស្សពី ៥០០ឬ ៦០០នាក់ ដែលត្រូវបានរាយការណ៍ ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះទេ ។

លោកស្រីបានសង្កត់ធ្ងន់ថា ការចរចាដែលកំពុងបន្តរវាងអ៊ុយក្រែន និងរុស្ស៊ីស្តីពីការជម្លៀស ចេញពីរោងចក្រ Azovstal គឺពិបាកខ្លាំងណាស់។

នៅថ្ងៃទី០៧ ខែឧសភា Vereshchuk បានលើកឡើងថា អ៊ុយក្រែន បានជម្លៀសស្ត្រី កុមារ និងមនុស្សចាស់ទាំងអស់ចេញពីរោងចក្រ Azovstal រួចហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទីក្រុង Mariupol ដែលជាទីក្រុងកំពង់ផែ Azov ដ៏សំខាន់មួយ នៅភាគខាងកើតអ៊ុយក្រែន ហើយទីក្រុងនេះ បានឃើញជម្លោះដ៏អាក្រក់បំផុតមួយ នៃអំពើហិង្សានៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top