ព័ត៌មានអន្តរជាតិ

គ្មានការគំរាមផ្នែកយោធា ដោយផ្ទាល់ណាមួយ ពីរុស្ស៊ីនោះទេ ក្រោយពីប្រទេសហ្វាំងឡង់ ប្រកាសចង់ចូលណាតូ

បរទេស៖ ឯកអគ្គរដ្ឋទូតរបស់ប្រទេសនៅតំបន់ Nordic ប្រចាំសម្ព័ន្ធមិត្តយោធាដឹកនាំ ដោយសហរដ្ឋអាមេរិក គឺលោក Klaus Korhonen បាននិយាយថា ប្រទេសហ្វាំងឡង់ដែលកំពុងរៀបចំពាក្យ សុំជាផ្លូវការដើម្បីចូលរួម ជាមួយអង្គការណាតូ នៅពេលនេះ មិនបានឃើញ “ការគំរាមកំហែងផ្នែកយោធាដោយផ្ទាល់” ណាមួយពីប្រទេសរុស្ស៊ី នៅឡើយទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Klaus Korhonen បានប្រាប់ CNN កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលទីក្រុង Helsinki រំពឹងថានឹងមាន “ការយាយីតាមអ៊ីនធឺណិត” ឬ “យុទ្ធនាការព័ត៌មានមិនពិត” ពីទីក្រុងម៉ូស្គូ។

ទោះជាយ៉ាងណាក៏ដោយ បេសកជនរូបនេះ បានអះអាងថា រុស្ស៊ីបានកំណត់គោលដៅមកលើហ្វាំងឡង់ ជាមួយនឹងសកម្មភាពបែបនេះកាលពីអតីតកាល ហើយទាំងនេះមិនមែនជា “អ្វីថ្មីទេ” ។

ប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto និងនាយករដ្ឋមន្ត្រី Sanna Marin បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា ប្រទេសនេះ “ត្រូវតែដាក់ពាក្យសុំចូលជាសមាជិក NATO ដោយមិនពន្យារពេល” ។ មេដឹកនាំទាំងពីរបាននិយាយថា ពួកគេនឹងប្រកាសជាផ្លូវការ នូវការសម្រេចចិត្តមួយនៅថ្ងៃអាទិត្យ ហើយបញ្ជូនវាទៅសភាហ្វាំងឡង់សម្រាប់ការអនុម័ត។

លោក Korhonen បានពន្យល់ថា ទោះបីជាហ្វាំងឡង់បាននៅឆ្ងាយ ពីអង្គការណាតូក្នុងអំឡុងពេល សង្រ្គាមត្រជាក់ក៏ដោយ វាត្រូវបានបង្ខំឱ្យពិចារណាឡើងវិញ នូវជំហររបស់ខ្លួនដោយសារតែ “ការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុង បរិយាកាសសន្តិសុខរបស់យើង” បន្ទាប់ពីប្រតិបត្តិការយោធារុស្ស៊ី នៅអ៊ុយក្រែន៕

ប្រែសម្រួល៖ ណៃ តុលា

To Top