ព័ត៌មានអន្តរជាតិ

រុស្ស៊ី បានប្រើប្រាស់អាវុធឡាស៊ែរ ប្រឆាំងយន្តហោះគ្មានមនុស្សបើក នៅក្នុងសង្គ្រាម ជាមួយអ៊ុយក្រែន

បរទេស៖ ឧបនាយករដ្ឋមន្រ្តីរបស់រុស្ស៊ី លោក Yury Borisov បានអះអាងនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី បានបង្កើតសមត្ថភាពឡាស៊ែរ ប្រឆាំងយន្តហោះគ្មានមនុស្សបើកដោយខ្លួនឯង ហើយកំពុងប្រើប្រាស់វារួចហើយ នៅក្នុងប្រទេសអ៊ុយក្រែន។

លោកបាននិយាយថា វាបាញ់បានចម្ងាយ ៥ គីឡូម៉ែត្រ ហើយត្រូវបានគេដាក់រហស្សនាមថា Zadira ឬ “អ្នកបង្កបញ្ហា” ជាភាសារុស្ស៊ី។ គាត់មិនបានបង្ហាញ ព័ត៌មានលម្អិតផ្សេងទៀត អំពីឧបករណ៍ថ្មីនេះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការបញ្ចេញឱ្យដឹងនេះ បានកើតឡើងនៅពេលដែល លោក Borisov កំពុងពិភាក្សាអំពីអាវុធទំនើប ដែលកំពុងត្រូវបានបង្កើតឡើង នៅក្នុងប្រទេសរុស្ស៊ី។ គាត់បានប្រៀបធៀប ឧបករណ៍ថ្មីទៅនឹង Peresvet ដែលជាប្រព័ន្ធឡាស៊ែរ ដែលបានបង្ហាញជាលើកដំបូង ដោយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក្នុងឆ្នាំ 2018 ដែលជាគោលបំណងពិតប្រាកដ ដែលមិនត្រូវបានពន្យល់នៅពេលនោះ។

មន្ត្រីរូបនេះបានបញ្ជាក់ថា Peresvet ត្រូវបានរចនាឡើង ដើម្បីបិទឧបករណ៍ចាប់សញ្ញាអុបទិក រួមទាំងនៅលើផ្កាយរណបចារកម្ម ដែលធ្វើដំណើរជុំវិញផែនដី ដែលមានកម្ពស់រហូតដល់ 1 500 គីឡូម៉ែត្រ។

នៅពេលសួរអំពីការកំណត់ពេលវេលា សម្រាប់យោធារុស្ស៊ី ក្នុងការទទួលបានប្រព័ន្ធបែបនេះ លោក Borisov បាននិយាយថា ពួកគេកំពុងត្រូវបានផ្គត់ផ្គង់រួចហើយ។ នៅពេលត្រូវបានសួរបន្ថែមថា តើឡាស៊ែរ ប្រឆាំងយន្តហោះគ្មានមនុស្សបើក ត្រូវបានដាក់ពង្រាយនៅក្នុងយុទ្ធនាការយោធា របស់រុស្ស៊ី នៅអ៊ុយក្រែនដែរឬទេ រដ្ឋមន្ត្រីបានទទួលស្គាល់ថា “គំរូដំបូងត្រូវបានប្រើប្រាស់” នៅទីនោះ រួចហើយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top