ព័ត៌មានអន្តរជាតិ

អង់គ្លេស នឹងផ្តល់ជំនួយយោធា ចំនួន ១,៣ ពាន់លានផោន សម្រាប់អ៊ុយក្រែន

ឡុងដ៌ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល អ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ សម្តីនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ថា រដ្ឋាភិបាលអង់គ្លេស នឹងផ្តល់ជំនួយយោធាចំនួន ១,៣ពាន់លានផោនសម្រាប់អ៊ុយក្រែន។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky លោក Johnson បានលើកឡើងថា ចក្រភពអង់គ្លេសនឹងផ្គត់ផ្គង់ កាំភ្លើងធំរយៈចម្ងាយឆ្ងាយ កាំជ្រួចពីច្រាំង ដល់កប៉ាល់ និងយន្តហោះគ្មានមនុស្ស បើកដល់អ៊ុយក្រែនជាផ្នែក នៃជំនួយយោធារបស់ខ្លួន។

លោក Zelensky និងលោក Johnson ក៏បានពិភាក្សាអំពីវិធីដោះស្រាយបញ្ហា នៃការបិទច្រកសមុទ្រអ៊ុយក្រែន និងជម្រើសដើម្បីបើកផ្លូវផ្គត់ផ្គង់សមុទ្រ និងដីសំខាន់ៗសម្រាប់ស្តុកគ្រាប់ ធញ្ញជាតិអ៊ុយក្រែន ។

ដោយឡែកលោក Zelensky បានបង្ហោះសារថា លោកបានជូនដំណឹងដល់លោក Johnson អំពីដំណើរនៃអរិភាពក្នុងប្រទេសអ៊ុយក្រែន និងប្រតិបត្តិការជួយសង្គ្រោះយោធា អ៊ុយក្រែនពីរោងចក្រដែក Azovstal របស់ទីក្រុង Mariupol៕

ប្រែសម្រួល ឈូក បូរ៉ា

To Top