ព័ត៌មានអន្តរជាតិ

ប្រធានក្រុមហ៊ុន Hyundai Motor Group ប្រាប់លោក Joe Bidenថា នឹងបង្កើនការវិនិយោគ ៥ពាន់លានដុល្លារ បន្ថែមទៀត នៅអាមេរិក

សេអ៊ូល៖ ក្រុមហ៊ុន Hyundai Motor Group របស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអាទិត្យថា ខ្លួននឹងវិនិយោគបន្ថែមចំនួន 5 ពាន់លានដុល្លារ នៅក្នុងសហរដ្ឋអាមេរិក សម្រាប់ការបង្កើតកម្មវិធីមនុស្សយន្ត និងកម្មវិធីបើកបរដោយស្វ័យភាព ត្រឹមតែមួយថ្ងៃ បន្ទាប់ពីការប្រកាសពីការវិនិយោគទំហំស្រដៀងគ្នា ដើម្បីបង្កើតរោងចក្រផលិតរថយន្តអគ្គិសនី នៅសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានក្រុមហ៊ុន Hyundai Motor Group លោក Euisun Chung បានធ្វើសេចក្តីប្រកាសចុងក្រោយ នៅក្នុងជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ដែលនៅក្នុងទីក្រុងសេអ៊ូលសម្រាប់ដំណើរទស្សនកិច្ច រយៈពេល៣ថ្ងៃ។

ប្រធានក្រុមហ៊ុនរបស់កូរ៉េខាងត្បូងរូបនេះ បាននិយាយថា “ក្រុមហ៊ុន Hyundai Motor Group គ្រោងនឹងវិនិយោគបន្ថែមចំនួន 5 ពាន់លានដុល្លាររហូតដល់ឆ្នាំ 2025 ដែលនឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង ជាមួយសហគ្រាសអាមេរិក ក្នុងបច្ចេកវិទ្យាចម្រុះ ដូចជាមនុស្សយន្ត ការបើកបរដោយស្វ័យភាព និងភាពវ័យឆ្លាតសិប្បនិម្មិត” ។ “នេះនឹងអនុញ្ញាតឱ្យយើងរីកចម្រើនទៅជាក្រុមហ៊ុនដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពកាន់តែប្រសើរ ដល់អតិថិជនរបស់យើង”៕ ប្រែសម្រួលៈ ណៃ តុលា

To Top