បរទេស ៖ យោងតាមប្រភព ដោយមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ ដែលបានបញ្ជាក់ប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកគឺបានរៀបចំផែនការ រួចទៅហើយក្នុងការបន្តរក្សាវត្តមាន យោធារបស់ខ្លួនប្រមាណជា១០ម៉ឺនានាក់ នៅតំបន់អឺរ៉ុបខាងកើត ដដែល។
ប្រភពដដែលបានបញ្ជាក់ទៀតថា ការសម្រេចចិត្តនេះធ្វើឡើង នៅចំពេលដែលមានការគម្រាម កំហែងយ៉ាងខ្លាំងពីសំណាក់រុស្សី និងជាពិសេសដើម្បីអាច
ថែរក្សាសន្តិសុខជូនហ្វាំងឡង់ និងស៊ុយអែត ដែលទើបស្នើសុំជាសមាជិក របស់ណាតូផងនោះ ។
មន្ត្រីរដ្ឋាភិបាល ដែលសុំមិនបញ្ចេញ អត្តសញ្ញាណទាំងនោះ បានបញ្ជាក់ទៀតថា ប្រសិនបើអង្គការណាតូ នឹងអាចបង្កើនចំនួនសមយុទ្ធយោធា នោះអាមេរិកក៏ នឹងអាចបង្កើន ចំនួនយោធា របស់ខ្លួនថែមទៀត ព្រមទាំងកសាងទីតាំងមូលដ្ឋាន យោធាបន្ថែមទៀត ក្នុងតំបន់ដើម្បីធានា ដល់ស្ថេរភាពជារួម ។
គួរឲ្យដឹងដែរថា មុនពេលដែលរុស្សី បានបើកប្រតិបត្តិការ យោធាពិសេស នៅក្នុងប្រទេសអ៊ុយក្រែននោះ ចំនួនយោធារបស់អាមេរិក មានប្រមាណជា៦ម៉ឺននាក់ប៉ុណ្ណោះ នៅទូទាំងអឺរ៉ុប ប៉ុន្តែមិនមានវត្តមាន នៅក្នុងប្រទេសអ៊ុយក្រែន ឡើយ៕
ប្រែសម្រួល៖ស៊ុនលី