ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បង្ហាញក្តីសង្ឃឹមថា ឥណ្ឌានឹងជួយសាងសង់ ប្រទេសខ្លួនឡើងវិញ ក្រោយចប់សង្គ្រាម

បរទេស៖ កាសែតឥណ្ឌា The Hindu បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពការទូតថា អ៊ុយក្រែនរំពឹងថា ឥណ្ឌានឹងផ្តល់ជំនួយមនុស្សធម៌ បន្ថែមទៀត ក៏ដូចជាចូលរួមក្នុងការកសាង ប្រទេសអ៊ុយក្រែន ឡើងវិញ នៅពេលដែលការប្រយុទ្ធគ្នា បានបញ្ចប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី5 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា អត្ថបទបានដកស្រង់សម្តីមន្ត្រីអ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះដែលនិយាយថា លើសពីការក្លាយជាអ្នកធានាសន្តិសុខសម្រាប់អ៊ុយក្រែន ក្រុងគៀវក៏ “រំពឹងថា ឥណ្ឌានឹងចូលរួមយ៉ាងសកម្មក្នុងការសាងសង់ក្រោយសង្គ្រាម”។ អ្នកការទូតអនាមិករូបនេះបានបន្ថែមថា “ជំនួយមនុស្សធម៌ជាច្រើនទៀត ថ្នាំពេទ្យ និងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុមួយចំនួន” នៅលើផ្នែកនៃទីក្រុង New Delhi ក៏នឹងត្រូវបានគេកោតសរសើរយ៉ាងខ្លាំងផងដែរ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាកាលពីដើមខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា លោកចង់ឃើញប្រទេសនេះជា “អ្នកធានាសន្តិសុខ ប្រសិនបើពួកគេចង់”។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអ៊ុយក្រែនមួយខែក្រោយមក ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andrey Yermak បាននិយាយថា ប្រទេសចំនួន 7 នៅពេលនោះបានយល់ព្រមទទួលយកតួនាទីនោះ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ តួកគី ប៉ូឡូញ និងអីតាលី។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌាមិនត្រូវបានលើកឈ្មោះនោះទេ ហើយចាប់តាំងពីពេលនោះមក គ្មានការអត្ថាធិប្បាយផ្លូវការណាមួយត្រូវបានធ្វើឡើងដោយទីក្រុងញូវដែលី ទាក់ទងនឹងឆន្ទៈរបស់ខ្លួនក្នុងការធានាសន្តិសុខរបស់អ៊ុយក្រែន នៅពេលដែលជម្លោះបានបញ្ចប់ឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top