ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់គ្រាប់មីស៊ីល ដល់ទៅ៨គ្រាប់ ក្រោយសមយុទ្ធយោធា រវាងកូរ៉េខាងត្បូងនិងអាមេរិក

បរទេស៖ យោងតាមការចេញផ្សាយ ដោយ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបើកការបាញ់មីស៊ីល រយៈចំងាយខ្លី ដល់ទៅ៨គ្រាប់ ក្នុងពេលដែលអាមេរិកកូរ៉េនិងខាងត្បូង
កំពុងដំណើរការ សមយុទ្ធយោធារួមគ្នា មួយព្រមទាំងភាពតានតឹង ជាមួយនឹងជប៉ុនផង។

មីស៊ីលទាំងនោះ ត្រូវបានគេដឹងថា បានបាញ់ចេញនិងធ្លាក់ នៅនឹងសមុទ្ររបស់កូរ៉េខាងជើង ក្នុងទីតាំង៤ផ្សេងគ្នា ដែលស្ថិតនៅភាគខាងកើត និងភាគខាងលិច ព្រមជាមួយនឹងរយៈពេល សរុប៣៥នាទី កាលពីរសៀល
ថ្ងៃអាទិត្យហើយមីស៊ីលទាំងនោះអាចហោះឡើងបានទៅដល់កំពស់៨០គីឡូម៉ែត្រ ព្រមទាំងធ្វើដំណើរ ក្នុងចំងាយផ្លូវ១១០គីឡូម៉ែត្រ ទៅដល់៦៧០គីឡូម៉ែត្រ។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Nobuo Kishi បានថ្លែងប្រាប់អ្នកកាសែត ថា មីស៊ីលយ៉ាងហោចណាស់ មួយអាចហោះហើរ ជាមួយនឹងគន្លងអថេរ ដែលជឿជាក់ថា នឹងអាចគេចផុតពី ប្រព័ន្ធការពារដែនអាកាស
របស់ជប៉ុនបានទោះបីជាក្នុងចំណោមនោះ មិនមានមីស៊ីលណាមួយ ធ្លាក់ក្បែរដែនទឹករបស់ខ្លួនក្តី។

គួរឲ្យដឹងដែរថាការធ្វើតេស្ត កាលពីអាទិត្យនេះ គឺជាការបាញ់ធ្វើតេស្ត លើកទី១៨ ហើយសម្រាប់ដើមឆ្នាំ២០២២នេះ របស់កូរ៉េខាងជើងពោល គឺបន្ទាប់បានតែ១ថ្ងៃ នៅក្រោយការបញ្ចប់ ទៅនៃសមយុទ្ធយោធា រវាងកូរ៉េខាងត្បូងនិងអាមេរិក នៅលើដែនទឹកអន្តរជាតិ ក្បែរទៅនឹងឆ្នេរកោះ Okinawa៕

ប្រែសម្រួល៖ស៊ុនលី

To Top