ភ្នំពេញ៖លោក មីយ៉ា ទន់ អូ (Mya Tun Oo) រដ្ឋមន្ត្រីការពារជាតិសហភាពមីយ៉ាន់ម៉ា នឹងមានវត្តមាន នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (ADMM) ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ នៅរាជធានីភ្នំពេញ ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននេះ នឹងមានការចូលរួមដោយផ្ទាល់ផងដែរ ពីសំណាក់រដ្ឋមន្ត្រីការពារជាតិជប៉ុន ដោយមាន០៣កម្មវិធីសំខាន់ៗ រួមមាន ទី១ ដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី ទី២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងទី៣ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការជាមួយនឹងរដ្ឋមន្ត្រីការពារជាតិជប៉ុន ដែលនឹងត្រូវជួបប្រជុំដោយផ្ទាល់ និងជាមួយរដ្ឋមន្ត្រីការពារជាតិសាធារណរដ្ឋប្រជាមានិតចិន (តាមប្រព័ន្ធវីដេអូ)។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិជប៉ុន និងរដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី នឹងមានជំនួបផ្លូវការជាមួយនឹង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងកម្មវិធីនៃការចូលជួបសម្តែង ការគួរសមជាមួយនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ក្រៅពីនេះ ក៏មានកម្មវិធី គណៈប្រតិភូរដ្ឋមន្ត្រីការពារជាតិ អាស៊ានចូលជួបសម្តែងការគួរសមផងដែរ៕