បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា តាលីបង់ដែលជាអ្នកកំពុងដឹកនាំ ប្រទេសអាហ្កានីស្ថាននោះកំពុងត្រៀមខ្លួន ដើម្បីទទួលបានជំនួយពីអន្តរជាតិ ជាលើកដំបូង ខណៈដែលប្រទេសនេះ កំពុងប្រឈមមុខទៅនឹង វិបត្តិជាបន្តបន្ទាប់ ជាពិសេសក្រោយហេតុការណ៍ គ្រោះរញ្ជួយដីកម្រិត ៦,១រិចទ័រចុងក្រោយនេះ។
ប្រភពដដែលបានឲ្យដឹងដែរថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ បានធ្វើឲ្យបាត់បង់ជីវិតពលរដ្ឋអាហ្គានីស្ថាន ដល់ជាង១០០០នាក់ហើយ ខណៈដែលជាង ១៥០០នាក់ទៀត ទទួលរងរបួសដែលក្នុងនោះខេត្ត Paktika ជាអ្នកទទួលរងគ្រោះខ្លាំងជាងគេ។

មន្ត្រីជាន់ខ្ពស់មួយរូបរបស់តាលីបង់លោក Abdul Qahar Balkhi បានបញ្ជាក់ថា រដ្ឋាភិបាលតាលីបង់កំពុងស្ថិត នៅក្រោមការដាក់ទណ្ឌកម្ម ដោយអន្តរជាតិដែលធ្វើឲ្យខ្លួន មិនមានហិរញ្ញវត្ថុគ្រប់គ្រាន់ ក្នុងការជួយសង្គ្រោះ និងផ្តល់ជំនួយទៅដល់ ពលរដ្ឋរបស់ខ្លួនឡើយ។
លោកបន្តថា៖ គ្រោះរញ្ជួយដីដែលមិនធ្លាប់កើតមាន ធ្ងន់ធ្ងរបែបនេះអសរ់យៈពេលជាង ២ទសវត្សមកហើយនោះ គឺចាំបាច់ត្រូវការជំនួយក្នុងទ្រង់ទ្រាយដ៏ធំមួយ ខណៈដែលក្រុមការងារនៅបន្តការងារ ជួយសង្គ្រោះហើយមនុស្សមួយចំនួន នៅជាប់គាំងនៅក្នុងគំនរបែកបាក់នៅឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី
