ព័ត៌មានអន្តរជាតិ

ជនសង្ស័យម្នាក់ បាញ់ប្រហារ នៅតំបន់កំសាន្ត បារ និងក្លឹបរាត្រីនៅន័រវេស ស្លាប់២នាក់ និងរបួសជាច្រើននាក់

បរទេស៖ ជនសង្ស័យម្នាក់ កំពុងស្ថិតក្រោមការឃុំឃាំងរបស់ប៉ូលីសនៅទីក្រុង Oslo បន្ទាប់ពីមានការផ្ទុះអាវុធដែលបណ្តាលឲ្យមនុស្សយ៉ាងតិចពីរនាក់ស្លាប់ និងជាច្រើននាក់បានរងរបួស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ការបាញ់ប្រហារបានចាប់ផ្តើមនៅម៉ោងប្រហែល 1:00 ព្រឹកម៉ោងក្នុងស្រុកកាលពីថ្ងៃសៅរ៍ នៅជិតបារ និងក្លឹបរាត្រីជាច្រើន ក្នុងរដ្ឋធានីរបស់ប្រទេសន័រវេស ដោយខ្មាន់កាំភ្លើង ត្រូវបានគេរាយការណ៍ថា បានឈប់នៅទីតាំងចំនួនបីដើម្បីបាញ់ប្រហារ ទៅលើអ្នកដែលនៅជិតនោះ។

នាយកដ្ឋានប៉ូលី សនៃទីក្រុងបានបញ្ជាក់ថា មនុស្សពីរនាក់បានស្លាប់ និង 3 នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានផ្សាយថា យ៉ាងហោចណាស់មនុស្ស 12 នាក់ផ្សេងទៀត បានរងរបួសស្រាល។

មន្ត្រីប៉ូលីស Tore Barstad ក្រោយមកបានបំភ្លឺថា រហូតមកដល់ពេលនេះ ភស្តុតាងទាំងអស់ “បង្ហាញថាមានមនុស្សម្នាក់ប៉ុណ្ណោះដែលបានប្រព្រឹត្តទង្វើនេះ” បន្ទាប់ពីមានរបាយការណ៍ថា អ្នកបាញ់ប្រហារជាច្រើននាក់អាចជាប់ពាក់ព័ន្ធ។

លោកបានបន្ថែមថា មន្រ្តីបានទទួលសេចក្តីរាយការណ៍ដំបូងអំពីឧប្បត្តិហេតុប្រហែលម៉ោង ១ និង ១៤ នាទីព្រឹក ហើយជនសង្ស័យត្រូវបានឃុំខ្លួនក្នុងរយៈពេល ៥ នាទី ៕ ប្រែសម្រួលៈ ណៃ តុលា

To Top