ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីឥណ្ឌូនេស៊ី គ្រោងនឹងបំពេញទស្សនកិច្ច នៅអ៊ុយក្រែន និងរុស្ស៊ី ហើយនឹងបង្កើត ឲ្យមានសន្តិភាព

ហ្សាការតា ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែង កាលពីថ្ងៃអាទិត្យថា លោកនឹងជំរុញ ឱ្យសមភាគីរុស្ស៊ី និងអ៊ុយក្រែន បើកបន្ទប់ សម្រាប់កិច្ចពិភាក្សា ក្នុងអំឡុងពេលបេសកកម្ម កសាង សន្តិភាព ទៅកាន់ប្រទេស កំពុងមានសង្រ្គាម និងស្នើឱ្យលោក វ្ល៉ាឌីមៀ ពូទីន មេដឹកនាំរបស់រុស្ស៊ី បញ្ជាឱ្យមានការ ឈប់បាញ់ជាបន្ទាន់ ។

លោក Jokowi ដូចដែលប្រធានាធិបតី ត្រូវបានគេស្គាល់ជាទូទៅ បានថ្លែងមុនពេលចាកចេញ ទៅប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 នៅថ្ងៃចន្ទនេះថា “សង្រ្គាមត្រូវតែបញ្ឈប់ ហើយខ្សែសង្វាក់ផ្គត់ផ្គង់ អាហារសកល ត្រូវតែដំណើរការឡើងវិញ” ។

លោកប្រធានាធិបតីក៏បានថ្លែងផងដែរថា លោកនឹងលើកទឹកចិត្តប្រទេស G7 ឱ្យស្វែងរកសន្តិភាព នៅអ៊ុយក្រែន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី និងស្វែងរកដំណោះស្រាយភ្លាមៗ ចំពោះវិបត្តិស្បៀងអាហារ និងថាមពលពិភពលោក ។ រុស្ស៊ីហៅសកម្មភាព របស់ខ្លួននៅអ៊ុយក្រែនថា ជា “ប្រតិបត្តិការពិសេស” ។

ដោយឡែកពីគ្នា រដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ី លោក Retno Marsudi បានលើកឡើងថា ផលិតផលអាហារ និងជីពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន ចាំបាច់ត្រូវ “បញ្ចូលទៅក្នុងទីផ្សារ ពិភពលោកឡើងវិញ ទោះបីជាមានសង្រ្គាមក៏ដោយ” ។

លោក Marsudi បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “វាចាំបាច់ដើម្បីធានាច្រករបៀងគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន និងបើកចំហការ នាំចេញ អាហារ និងជីពីប្រទេសរុស្ស៊ី ។ ប្រទេសទាំងអស់ត្រូវតែជៀស វាងពីសកម្មភាព ដែលធ្វើឱ្យកាន់តែធ្ងន់ធ្ងរ ដល់វិបត្តិស្បៀងអាហារនេះ” ។

ប្រទេសឥណ្ឌូណេស៊ី បានថ្កោលទោសសង្គ្រាម និងសម្តែង ការអាណិតអាសូរ ដល់ប្រជាជនអ៊ុយក្រែន ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Jokowi កាលពីខែមេសា បានថ្លែងថា លោកបានបដិសេធ សំណើសុំអាវុធ ពីប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy ៕

To Top