ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទទួលបានជំនួយហិរញ្ញវត្ថុ ៥០០ លានអឺរ៉ូបន្ថែមទៀត ពីសហភាពអឺរ៉ុប

គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងដា ប្រទេសអ៊ុយក្រែន បានទទួលប្រាក់ចំនួន ៥០០ លានអឺរ៉ូ (ប្រហែល ៥១២ លានដុល្លារអាមេរិក) ជាជំនួយហិរញ្ញវត្ថុដំបូងពីសហភាពអឺរ៉ុប ។

លោក Shmyhal បានសរសេរនៅលើបណ្ដាញ Telegram ថា “យើងមានអំណរគុណចំពោះសហភាពអឺរ៉ុប សម្រាប់ការរួមចំណែកបែបនេះ។ វាគឺជាការវិនិយោគដ៏សំខាន់ នៅក្នុងស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួមរបស់យើង និងអនាគតប្រកបដោយសុវត្ថិភាព” ។

លោក​បាន​លើកឡើងថា ប្រទេស​របស់​លោក​នឹង​ទទួល​បាន​ជំនួយ​មួយ​ទៀត​ ដែល​មាន​តម្លៃ ៥០០ លាន​អឺរ៉ូ​នៅ​ថ្ងៃ​អង្គារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីខែមុន រដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប  បានអនុម័តជំនួយដែលមានតម្លៃ ១ពាន់លានអឺរ៉ូ (ប្រហែល ១,០២ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន ដើម្បីជួយប្រទេសនេះរក្សាស្ថិរភាពហិរញ្ញវត្ថុចំពេលមានជម្លោះជាមួយរុស្ស៊ី។

 លោក Shmyhal បានបន្ដថា មូលនិធិនឹងជួយអ៊ុយក្រែន ក្នុងការគ្របដណ្តប់តម្រូវការថវិកា ជាអាទិភាពរបស់ខ្លួន។ កាលពីខែឧសភា គណៈកម្មការអឺរ៉ុប បានស្នើឱ្យបែងចែកជំនួយចំនួន ៩ពាន់លានអឺរ៉ូ (ប្រហែល ៩,២ពាន់លានដុល្លារ) ជាជំនួយ សម្រាប់អ៊ុយក្រែននៅឆ្នាំនេះ៕

To Top