ព័ត៌មានអន្តរជាតិ

ក្រុមអ្នកចរចា នុយក្លេអ៊ែរអ៊ីរ៉ង់ ចាកចេញទៅកាន់ទី ក្រុងវីយែន ដើម្បីពិភាក្សា ស្ដីពីការដកទណ្ឌកម្ម ប្រឆាំងនឹងអ៊ីរ៉ង់

តេអេរ៉ង់ ៖ អ្នកនាំពាក្យ ក្រសួង ការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ក្រុមចរចាអ៊ីរ៉ង់ នឹងចាកចេញ ទៅកាន់ទីក្រុងវីយែន ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីការ ដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ។

លោកបានលើកឡើង “នៅក្នុងក្របខ័ណ្ឌ នៃគោលនយោបាយ នៃការដកទណ្ឌកម្មដ៏ឃោរឃៅ ប្រឆាំងនឹងប្រទេសរបស់យើង ក្រុមចរចា នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដឹកនាំដោយលោក Ali Bagheri Kani ដែលជាប្រធានអ្នកចរចា នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នឹងចាកចេញទៅកាន់ទីក្រុងវីយែន ក្នុងរយៈពេលប្រហែល ជាពីរទៅបីម៉ោងបន្ទាប់” ។

លោកបានបន្ថែមថា នៅក្នុងជុំនៃកិច្ចពិភាក្សានេះ ដែលនឹងធ្វើឡើងជាមួយនឹង ការសម្របសម្រួលរបស់សហភាពអឺរ៉ុប ទស្សនៈ និងគំនិតរបស់ភាគីនានា រួមទាំងប្រទេសអ៊ីរ៉ង់ នឹងត្រូវបានពិភាក្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការសម្រេច បាននូវកិច្ចព្រមព្រៀង ស្ថិរភាពដែលធានាសិទ្ធិ និងផលប្រយោជន៍ របស់ប្រជាជនអ៊ីរ៉ង់ ហើយបានសម្តែងក្តីសង្ឃឹមថា ភាគីប្រឆាំងក៏នឹងរៀបចំ ស្ថាន ការណ៍សម្រាប់វឌ្ឍនភាព ប្រកបដោយប្រសិទ្ធភាពដោយធ្វើការ សម្រេចចិត្តជាចាំបាច់ និង ផ្តោតលើការដោះស្រាយបញ្ហា ដែលនៅសេសសល់។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប និង អ្នកសម្របសម្រួលនៃគណៈកម្មការចម្រុះ JCPOA លោក Josep Borrell នាពេលថ្មីៗនេះ បានផ្តល់សំណើដល់ភាគីចរចា ដោយស្វែងរកការទម្លាយភាព ជាប់គាំងនៅក្នុងកិច្ចចរចានៅទីក្រុងវីយែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top