ព័ត៌មានអន្តរជាតិ

អាមេរិក គួរទទួលផល នៃការធ្វើឲ្យខូចទំនាក់ទំនងទ្វេភាគី និងបំផ្លាញ កិច្ចសហប្រតិបត្តិការ ប្រឆាំងគ្រឿងញៀន ចិន-អាមេរិក

ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែទទួលយ៉ាងពេញលេញ នូវផលវិបាកនៃការធ្វើឱ្យខូចទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យខូចដល់ កិច្ចសហប្រតិបត្តិការប្រឆាំង គ្រឿងញៀនចិន-អាមេរិក។

មន្ត្រីសេតវិមានបានឲ្យដឹងថា វិធានការរបស់ចិនក្នុងការផ្អាក កិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំង នឹងការជួញដូរគ្រឿងញៀន រួមទាំងថ្នាំ fentanyl ខុសច្បាប់គឺ “មិនអាចទទួលយកបាន” ដោយបន្ថែមថាការរីករាលដាល នៃការប្រើជ្រុល ដែលកំពុងបន្ត ដែលជំរុញដោយ fentanyl បានឆក់យកជីវិតមនុស្សជាង ១០ម៉ឺននាក់ នៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ។

លោក Wang បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “ដោយមិនយកចិត្តទុកដាក់ ចំពោះការព្រមានដ៏តឹងរ៉ឹង របស់ប្រទេសចិន និងការតំណាងម្តងហើយម្តងទៀត ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានទទូចលើដំណើរទស្សនកិច្ច ដ៏បង្កហេតុរបស់លោកស្រី ទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន ដែលបានធ្វើឱ្យខូចយ៉ាងធ្ងន់ធ្ងរ ដល់មូលដ្ឋានគ្រឹះនយោបាយ នៃទំនាក់ទំនងចិន-អាមេរិក”។

វិធានការ តបតទាំង៨ របស់ចិនរួម ទាំងការផ្អាក កិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀន ចិន-អាមេរិក គឺជាការឆ្លើយតបទៅនឹងការញុះញង់។ លោក Wang បានបន្ថែមថា វិធានការទាំងនេះសមហេតុផល និងសមស្រប។

លោក Wang បានបន្ដថា “ចំពោះការរំលោភបំពាន fentanyl នៅសហរដ្ឋអាមេរិក ខ្ញុំចង់និយាយថា ជាដំបូងឫសគល់នៃវិបត្តិ គឺស្ថិតនៅក្នុងសហរដ្ឋអាមេរិក” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សហគមន៍អន្តរជាតិ រួមទាំងប្រទេសចិន កាន់តែតឹងរ៉ឹងក្នុងការគ្រប់គ្រង លើសារធាតុដូច fentanyl ។ ទោះជាយ៉ាងណាក៏ដោយ ការរំលោភបំពាន នៃសារធាតុ fentanyl និងថ្នាំអាភៀនសំយោគផ្សេងទៀត នៅតែបន្តកាន់តែអាក្រក់នៅក្នុងសហរដ្ឋអាមេរិក ហើយចំនួននៃការស្លាប់ ដោយប្រើថ្នាំជ្រុលកំពុងកើនឡើង ។ លោកថា ហេតុផលសម្រាប់រឿងនេះ គឺ គួរ ពិចារណា ដោយ សហរដ្ឋ អាមេរិក។

លោកបានបន្ថែមថា “យោងទៅតាមក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន អន្តរជាតិ សហរដ្ឋអាមេរិកគឺជាប្រទេសផលិត និងប្រើប្រាស់សារធាតុ fentanyl ធំជាងគេបំផុតរបស់ពិភពលោក ។ ជនជាតិអាមេរិកដែលមានចំនួន ៥ភាគរយ នៃចំនួនប្រជាជនពិភពលោកប្រើប្រាស់ ៨០ភាគរយ នៃសារធាតុអាភៀន របស់ពិភពលោក” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top