ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី និងអ៊ុយក្រែន ស្តីបន្ទោសដាក់គ្នាទៅវិញទៅមក រឿងបាញ់គ្រាប់ផ្លោង នៅជិតរោងចក្រនុយក្លេអ៊ែរ Zaporizhzhia

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីដែលបានតែងតាំង ដោយអ៊ុយក្រែន និងរុស្ស៊ី បានរាយការណ៍ពីការបាញ់ផ្លោង នៅជិតរោងចក្រនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន កាលពីថ្ងៃចន្ទ ដោយភាគីទាំង២បានស្តីបន្ទោសគ្នា ទៅវិញទៅមក បន្ទាប់ពីទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ បានព្រមានពីគ្រោះមហន្តរាយ ប្រសិនបើការប្រយុទ្ធគ្នា មិនឈប់ឈរទេនោះ ។

រុស្ស៊ី និងអ៊ុយក្រែន បានធ្វើការចោទប្រកាន់គ្នា អំពីការបាញ់ផ្លោងនៅជិតរោងចក្រ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ចំពេលមានការភ័យខ្លាចនៃមហន្តរាយនុយក្លេអ៊ែរ នៅឯបរិវេណដែលគ្របដណ្ដប់ លើច្រាំងភាគខាងត្បូង នៃអាងស្តុកទឹកដ៏ធំ នៅលើទន្លេ Dnipro ។

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានទាហានរុស្ស៊ី ដែលវាយប្រហារស្ថានីយថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់អឺរ៉ុប ឬប្រើវាជាមូលដ្ឋានដើម្បីបាញ់ ពីនោះពួកគេនឹងក្លាយជា “គោលដៅពិសេស” ។

គួរបញ្ជាក់ថា រោងចក្រនេះស្ថិតនៅក្នុងទីក្រុង Enerhodar ដែលគ្រប់គ្រងដោយរុស្ស៊ី ។

លោក Yevhen Yevtushenko ប្រធានរដ្ឋបាលនៃស្រុក Nikopol ដែលឆ្លងកាត់ទន្លេពី Enerhodar បានស្តីបន្ទោសកងកម្លាំងរុស្ស៊ី ចំពោះការបាញ់ផ្លោងមកលើទីក្រុងនេះ ។

លោក Vladimir Rogov ដែលជាមន្ត្រីលើកបន្តុបដោយរុស្ស៊ី នៅក្នុងទីក្រុងបានលើកឡើងថា ក្នុងរយៈពេល២ម៉ោងកន្លងទៅនេះ កាំភ្លើងធំប្រហែល២៥គ្រាប់ វាយប្រហារដោយម៉ាស៊ីន M777 ដែលផលិតដោយសហរដ្ឋអាមេរិក បានវាយប្រហារ នៅជិតរោងចក្រនុយក្លេអ៊ែរ និងតំបន់លំនៅដ្ឋាន ។

ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី ដែលដកស្រង់ពីសេវាសារព័ត៌មាន របស់រដ្ឋបាលដែលតែងតាំងដោយរុស្ស៊ី នៅEnerhodar បានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានបើកការបាញ់ប្រហារ ជាមួយនឹងការផ្ទុះឡើង នៅជិតរោងចក្រថាមពលនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top