បរទេស៖ ក្រសួងការពារជាតិចិន បានបញ្ជាក់នៅថ្ងៃពុធថា កងទ័ពចិននឹងស្ថិតក្នុងចំណោម អ្នកចូលរួមបរទេស នៅក្នុងសមយុទ្ធយោធាពហុភាគី នៅក្នុងប្រទេសរុស្ស៊ី ដែលមានឈ្មោះថា Vostok 2022 ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍មួយថា កងទ័ពរំដោះប្រជាជននឹងបញ្ជូនបុគ្គលិកទៅប្រទេសរុស្ស៊ី ដោយរំពឹងថា ព្រឹត្តិការណ៍នេះនឹង “ធ្វើឱ្យស៊ីជម្រៅ កិច្ចសហប្រតិបត្តិការជាក់ស្តែង និងមិត្តភាពជាមួយយោធា នៃប្រទេសដែលចូលរួម បង្កើនកម្រិតនៃការសម្របសម្រួល ជាយុទ្ធសាស្ត្រក្នុងចំណោមភាគីនានា និងបង្កើនសមត្ថភាពទប់ទល់ នឹងការគំរាមកំហែងផ្នែកសន្តិសុខផ្សេងៗ” ។ ទីក្រុងប៉េកាំងបានកត់សម្គាល់ថា ភាពតានតឹងក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន មិនប៉ះពាល់ដល់ការសម្រេចចិត្ត របស់ខ្លួននោះទេ។
ចំណែកក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីចុងខែកក្កដាថា ព្រឹត្តិការណ៍ សមយុទ្ធយោធា Vostok 2022 នឹងប្រព្រឹត្តទៅនៅទីតាំងចំនួន១៣ នៅភាគខាងកើតប្រទេសរុស្ស៊ី ចន្លោះថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា។ ក្រសួងបាននិយាយថា យោធាបរទេសត្រូវបានអញ្ជើញ ប៉ុន្តែមិនបានបញ្ជាក់ថាប្រទេសណាខ្លះនោះទេ។ ដោយឡែកសម្រាប់សេចក្តីថ្លែងការណ៍របស់ចិនវិញ គឺបានលើកឡើងពីបេឡារុស្ស ឥណ្ឌា ម៉ុងហ្គោលី និងតាជីគីស្ថាន ក្នុងចំណោមភ្ញៀវ៕ ប្រែសម្រួល៖ ណៃ តុលា