តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ ចាត់ទុកការដោះដូរអ្នកទោស ជាមួយសហរដ្ឋអាមេរិកថា ជាបញ្ហាមនុស្សធម៌ ហើយមិនបានភ្ជាប់ វាទៅនឹងជោគវាសនានៃកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥ នោះទេ។
ធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ លោក Nasser Kanaani បានបន្ថែមថា អ៊ីរ៉ង់បានចរចាបញ្ហានេះ ជាមួយសហរដ្ឋអាមេរិក ដោយប្រយោល និងក្រៅក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការ ។
លោកបានកត់សម្គាល់ថា លទ្ធភាពមានសម្រាប់ការផ្លាស់ប្តូរ អ្នកទោសរវាងទីក្រុង តេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន លោកបានកត់សម្គាល់ ដោយលើកឡើងថា ជំហររបស់អ៊ីរ៉ង់ លើបញ្ហានេះ គឺច្បាស់ណាស់ ប៉ុន្តែសហរដ្ឋអាមេរិក បានបង្ហាញភាពអសកម្ម និងមិនបានបង្ហាញពីការប្តេជ្ញាចិត្ត ណាមួយនៅក្នុងការអនុវត្តជាក់ស្តែង។
លោក Kanaani បានសង្កត់ធ្ងន់ថា ជនជាតិអ៊ីរ៉ង់ ត្រូវបានចាប់ដាក់គុកនៅសហរដ្ឋអាមេរិក ក្រោមបទចោទប្រកាន់ គ្មានមូលដ្ឋាន ក្នុងការគេចចេញពីការដាក់ទណ្ឌកម្ម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមថា ការឃុំខ្លួនរបស់សហរដ្ឋអាមេរិក លើជនជាតិអ៊ីរ៉ង់ ក្រោមការចោទប្រកាន់បែបនេះ គឺខុសច្បាប់ និងអមនុស្សធម៌ ហើយបញ្ជាក់បន្ថែមទៀតថា ទីក្រុងវ៉ាស៊ីនតោន តែងតែបិទភ្នែក ចំពោះបញ្ហាមនុស្សធម៌ និងសីលធម៌។
លោក Kanaani បានបន្ថែមថា អ៊ីរ៉ង់ បានសម្តែងការត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរអ្នកទោស ជាមួយសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថា ជោគវាសនារបស់ជនជាតិអ៊ីរ៉ង់ មានសារៈសំខាន់ ចំពោះទីក្រុងតេអេរ៉ង់ ៕
ប្រែសម្រួល ឈូក បូរ៉ា