ព្រុចសែល ៖ លោក Josep Borrell បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប បានយល់ព្រមផ្អាកកិច្ចព្រមព្រៀង សម្របសម្រួលទិដ្ឋាការ ដែលប្លុកនេះមានជាមួយរុស្ស៊ី នេះបើតាមការទូត កំពូលរបស់អឺរ៉ុប។
លោក Borrell តំណាងជាន់ខ្ពស់ទទួល បន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប បានប្រាប់សន្និសីទ សារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ ក្រៅផ្លូវការរយៈពេលពីរថ្ងៃ របស់រដ្ឋមន្ត្រីនៅទីនេះថា “យើងយល់ព្រមនៅថ្ងៃនេះ ជាមួយរដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុបលើការផ្អាក ពេញលេញនៃកិច្ចព្រមព្រៀង សម្របសម្រួលទិដ្ឋាការអឺរ៉ុប-រុស្ស៊ី”។
លោកបានលើកឡើងថា រហូតមកដល់ពេលនេះ កិច្ចព្រមព្រៀងឆ្នាំ២០០៧ ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ពលរដ្ឋរុស្ស៊ីក្នុងការទទួលបានទិដ្ឋាការ Schengen ត្រូវបាន “ផ្អាកមួយផ្នែក” សម្រាប់សមូហភាពពិសេស និងក្រុមនៃជនជាតិរុស្ស៊ី មន្រ្តី និងសហគ្រិន ប៉ុន្តែឥឡូវនេះវាត្រូវបាន “ផ្អាកទាំងស្រុង” ។
លោក Borrell បានបន្ដថា “វាមានន័យថា វានឹងកាត់បន្ថយយ៉ាងខ្លាំង នូវចំនួនទិដ្ឋាការថ្មី ដែលចេញដោយរដ្ឋសមាជិកសហភាពអឺរ៉ុប” ដោយបន្ថែមថា ដំណើរការដើម្បីទទួលបានទិដ្ឋាការ នឹងកាន់តែយូរ និងពិបាកជាងមុន ។
ខណៈដែលស្ថានភាព ក្នុងបណ្តាប្រទេសសហភាពអឺរ៉ុប ជាប់ព្រំដែនរុស្ស៊ីកំពុងក្លាយជា “ការប្រឈម” លោក Borrell បានលើកឡើងថា រដ្ឋសមាជិកទាំងនេះ អាចចាត់វិធានការថ្នាក់ជាតិ ដើម្បីរឹតបន្តឹងការចូលសហភាពអឺរ៉ុប តាមរយៈព្រំដែនរបស់ពួកគេ។
ក្នុង ជំនួប នោះ រដ្ឋមន្ត្រី ក៏ បាន ពិភាក្សា អំពី ទំនាក់ទំនង របស់ សហភាព អឺរ៉ុប ជាមួយ អាហ្វ្រិកផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋមន្ត្រីការបរទេសឆែក លោក Jan Lipavsky បានឲ្យដឹងថា រដ្ឋមន្ត្រីបានពិភាក្សាអំពី “ផលប្រយោជន៍រួមនៃកិច្ចសហប្រតិបត្តិការជាមួយទ្វីបអាហ្រ្វិក” ដែលរួមមានបច្ចេកវិទ្យា ការគាំទ្រដល់ឌីជីថលនីយកម្ម ការផលិតថាមពលប្រកបដោយនិរន្តរភាព និងកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត៕
ប្រែសម្រួល ឈូក បូរ៉ា