បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបាឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១០នាក់ បានស្លាប់និង ១៥នាក់ទៀត ទទួលរង របួសនៅក្នុងហេតុការណ៍ ចាក់សម្លាប់ នៅខេត្ត Saskatchewan ភាគកណ្តាល នៃប្រទេសកាណាដា ហើយហេតុការណ៍ នៃការចាក់សម្លាប់នេះ បានកើតឡើងនៅទីតាំងចំនួន១៣ផ្សេងគ្នា ។
មកដល់ពេលនេះ ជនសង្ស័យ ចំនួន២រូប ត្រូវបានគេកំណត់អត្តសញ្ញាណ ដែលមានម្នាក់ឈ្មោះថា Damien Sandersonមានវ័យ៣១ឆ្នាំនិង Myles Sanderson មានវ័យ៣០ឆ្នាំ ប៉ុន្តែប៉ូលីស នៅមិនទាន់អាច ចាប់ខ្លួនពួកគេបាននៅឡើយ។
បច្ចុប្បន្នមានការអះអាង ប្រាប់ពីសំណាក់ពលរដ្ឋថា ពួកគេបានរកឃើញទីតាំងកន្លែងលាក់ខ្លួន របស់បុរសទាំងពីរហើយមនុស្សម្នាក់ កំពុងស្ថិតនៅក្នុងស្ថានភាព គ្រោះថ្នាក់បំផុត ដោយសារតែពួកគេ។
ប៉ូលីសបានអះអាងដែរថា ចំនួនអ្នកស្លាប់និងរបួស អាចមានចំនួនកើនឡើង ខណៈដែលក្រុមជនសង្ស័យ កំពុងបន្តរត់គេចខ្លួនហើយក្នុងនោះជនរងគ្រោះខ្លួន បានធ្វើដំណើរទៅរកមន្ទីរពេទ្យ ដោយខ្លួនឯងផងដែរ ខណៈដែលកម្រិតប្រកាសអាសន្ន នៅមានកម្រិតខ្ពស់នៅឡើយ ៕
ប្រែសម្រួល៖ស៊ុនលី