បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីមេដឹកនាំ របបយោធាជាន់ខ្ពស់ លោក Min Aung Hlaing បាននិយាយនៅថ្ងៃពុធថា ប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើម ទិញផលិតផលប្រេងរបស់ប្រទេសរុស្ស៊ី ហើយត្រៀមខ្លួនជាស្រេច ក្នុងការចំណាយសម្រាប់ ការចែកចាយជាប្រាក់រូប្លិ៍។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ វិមានក្រឹមឡាំងបាននិយាយថា មេដឹកនាំមីយ៉ាន់ម៉ាបានជួប ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងវេទិកាសេដ្ឋកិច្ចបូព៌ា នៅទីក្រុងកំពង់ផែ Vladivostok ។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី បានដកស្រង់សម្តីលោក ពូទីន ដែលបាននិយាយ ក្នុងអំឡុងកិច្ចប្រជុំថា «ទំនាក់ទំនងរបស់យើង កំពុងអភិវឌ្ឍជាវិជ្ជមាន»។
ដំណើរទស្សនកិច្ចលើកទីពីររបស់លោក Min Aung Hlaing ទៅកាន់ប្រទេសរុស្ស៊ី ក្នុងរយៈពេលតិចជាងពីរខែ បានកើតឡើងនៅពេលដែលយោធា ដែលកំពុងកាន់អំណាច របស់ប្រទេសមីយ៉ាន់ម៉ា សម្លឹងមើលការពង្រឹងសម្ព័ន្ធភាព ការទូតមួយក្នុងចំណោមសម្ព័ន្ធភាព ការទូតរបស់ខ្លួន ប្រឈមមុខនឹងសម្ពាធអន្តរជាតិ ដែលកំពុងកើនឡើង ៕
ប្រែសម្រួលៈ ណៃ តុលា