ព័ត៌មានអន្តរជាតិ

Update ៖ ពលរដ្ឋរាប់ពាន់នាក់ ប្រមូលផ្តុំគ្នា ក្នុងក្រុងឡុងដ៏ ក្នុងភាពស្ងប់ស្ងាត់ ក្រោយពីបានដឹង ពីការយាងសោយទិវង្គត របស់ព្រះមហាក្សត្រិយានី Elizabeth II ក្នុងព្រះជន្មាយុ៩៦ព្រះវស្សា

ស្កុតឡេន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ថា ព្រះមហាក្សត្រិយានី Elizabeth II ដែលជាស្តេចឡើង សោយរាជ្យ យូរជាងគេ របស់ចក្រភពអង់គ្លេស ហើយជាព្រះប្រមុខរដ្ឋ របស់ប្រទេស និងជាព្រះវត្តមានដ៏ខ្ពង់ខ្ពស់ នៅលើឆាកពិភពលោកអស់ រយៈពេល៧ទសវត្សរ៍ បានយាងសោយទិវង្គត ដោយស្ងប់ស្ងាត់ នៅព្រះដំណាក់របស់ទ្រង់ នៅក្នុងប្រទេសស្កុតឡេនកាលពីថ្ងៃព្រហស្បតិ៍ ក្នុងជន្មាយុ៩៦ព្រះវស្សា ។

ព្រះរាជថ្មី ដែលត្រូវជាបុត្រច្បង របស់ទ្រង់បានមានព្រះបន្ទូលថា “ការសោយទីវង្គត របស់ព្រះមាតា ព្រះអង្គម្ចាស់ក្សត្រីយ៍ គឺជាពេលវេលាដ៏សោកសៅបំផុត សម្រាប់ខ្ញុំ និងសមាជិកទាំងអស់ នៃគ្រួសាររបស់ខ្ញុំ” ។

“យើងកាន់ទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការសោយទិវង្គត របស់ព្រះមហាក្សត្រជាទីគោរពស្រលាញ់ និងជាព្រះមាតាជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត ។ ខ្ញុំដឹងថា ការបាត់បង់ទ្រង់នឹងមានអារម្មណ៍យ៉ាងជ្រាលជ្រៅ នៅទូទាំងប្រទេស និងចក្រភព និងដោយមនុស្សរាប់មិនអស់ នៅជុំវិញពិភពលោក” ទ្រង់បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ មួយយ៉ាងដូច្នេះ ។

ព័ត៌មានដែលថា ព្រះសុខភាពរបស់ព្រះមហាក្សត្រិយានី កាន់តែយ៉ាប់យ៉ឺនបានលេចឡើងភ្លាមៗ បន្ទាប់ពីពាក់កណ្តាលថ្ងៃព្រហស្បត្តិ៍ នៅគ្រាដែលគ្រូពេទ្យរបស់ទ្រង់ បានលើកឡើងថា ព្រះមហាក្សត្រិយានី ស្ថិតនៅក្រោមការត្រួតពិនិត្យ ផ្នែកវេជ្ជសាស្ត្រដែលជំរុញ ឱ្យគ្រួសាររបស់ទ្រង់ប្រញាប់ប្រញាល់ យាងទៅប្រទេសស្កុតឡែន ដើម្បីនៅក្បែរទ្រង់ ។

មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅខាងក្រៅវិមាន Buckingham កណ្តាលទីក្រុងឡុងដ៍ ហើយមានភាពស្ងៀមស្ងាត់ គួរឱ្យភ្ញាក់ផ្អើល នៅគ្រាដែលទង់ជាតិ ត្រូវបានបន្ទាប ដល់ពាក់កណ្តាល បង្គោលនោះ ។ ក្រុមមនុស្សបានហក់ឡើង ទៅកាន់ខ្លោងទ្វារខណៈការ ជូនដំណឹងដែលប្រកាសពីការសោយ ទិវង្គតរបស់ព្រះមហាក្សត្រ តែមួយគត់ដែលជនជាតិអង់គ្លេស ភាគច្រើនមិនធ្លាប់ដឹងនោះ ។

មន្ត្រីរាជវង្សបានលើកឡើងថា ព្រះរាជា Charles III និងព្រះជាយារបស់ទ្រង់ Camilla ដែលជាម្ចាស់ក្សត្រី នឹងបន្តនៅ Balmoral Castle ជាកន្លែងដែលព្រះមហាក្សត្រិយានី បានសោយទិវង្គតមុនពេល យាងត្រឡប់ទៅកាន់ទីក្រុងឡុងដ៍ នៅថ្ងៃសុក្រនេះ នៅគ្រាដែលទ្រង់ត្រូវបានគេរំពឹងថា នឹងថ្លែងទៅកាន់ប្រទេសជាតិ និងជួបជាមួយនាយករដ្ឋមន្រ្តី Liz Truss ។

ព័ត៌មានលម្អិត នៃព្រះពិធីបុណ្យព្រះសពនៅមិនត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ ។

នៅពេលការយាងសោយទិវង្គត របស់ព្រះមហាក្សត្រិយានី Elizabeth II ព្រះអង្គម្ចាស់ Charles បានក្លាយជាព្រះរាជា គ្រប់គ្រងចក្រភពអង់គ្លេស ដោយស្វ័យប្រវត្តិ និងជាប្រមុខរដ្ឋ នៃអាណាចក្រចំនួន១៤ផ្សេងទៀតរួមមាន អូស្ត្រាលី កាណាដា និងណូវេសេឡង់ ។ ទ្រង់ត្រូវបានគេរំពឹងថា នឹងយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសទាំងអស់ នៃចក្រភពអង់គ្លេសនៅប៉ុន្មានថ្ងៃខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top