បឺលីន៖ រដ្ឋមន្ត្រីពាណិជ្ជកម្មមកពីក្រុម នៃប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ បានព្រមព្រៀងគ្នា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញភាពធន់ នៃខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ផលិតផលសំខាន់ៗ រួមទាំងសារធាតុរ៉ែសំខាន់ៗ ចំពេលមានសង្រ្គាម ដែលកំពុងបន្តរបស់រុស្ស៊ី នៅអ៊ុយក្រែន។
រដ្ឋមន្ត្រីមកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅប្រទេសអាល្លឺម៉ង់ថា វិបត្តិនាពេលថ្មីៗនេះបានទាក់ទាញ ការយកចិត្តទុកដាក់ចំពោះ “ភាពងាយរងគ្រោះជាប្រព័ន្ធ ចំពោះហានិភ័យរ៉ាំរ៉ៃ និងខ្សែសង្វាក់ផ្គត់ផ្គង់ស្រួចស្រាវ ដែលរារាំងកំណើនសេដ្ឋកិច្ច និងសន្តិសុខ។
ប្រភពបានឲ្យដឹងថា “យើងជារដ្ឋមន្ត្រីពាណិជ្ជកម្ម G-7 គូសបញ្ជាក់ថា ការធ្វើពិពិធកម្មពាណិជ្ជកម្ម និងការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ដោយផ្អែកលើមូលដ្ឋាន ដែលមានអត្ថប្រយោជន៍ទៅវិញទៅមក គឺជាគន្លឹះក្នុងការធានា ឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ដំណើរការល្អ និងដើម្បីកែលម្អភាពធន់ និងនិរន្តរភាពនៃសេដ្ឋកិច្ចរបស់យើង”។
រោងចក្រនៅអឺរ៉ុប និងកន្លែងផ្សេងទៀតបានចាប់ផ្តើមរាយការណ៍ ពីបញ្ហាផលិតកម្មនៅប៉ុន្មានខែដំបូង នៃឆ្នាំ២០២០ បន្ទាប់ពីការរីករាលដាល នៃមេរោគឆ្លងនៅក្នុងប្រទេសចិន ហើយការរំខានបានរីករាលដាល តាមខ្សែសង្វាក់ផ្គត់ផ្គង់សកល រួមផ្សំដោយចលនាដឹកជញ្ជូន ដែលបានដាក់កម្រិត។ ស្ថានការណ៍កាន់តែអាក្រក់ឡើង ដោយការលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន កាលពីចុងខែកុម្ភៈឆ្នាំនេះ។
សេចក្តីថ្លែងការណ៍នេះ រិះគន់សង្គ្រាមរបស់រុស្ស៊ី រួមទាំងការវាយប្រហាររបស់ខ្លួន លើផលិតកម្ម និងការនាំចេញរបស់អ៊ុយក្រែន ដែលបណ្តាលឱ្យមានការព្រួយបារម្ភជាពិសេស អំពីសន្តិសុខស្បៀងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច។
រដ្ឋមន្ត្រី G-7 បានឲ្យដឹងថា “យើងបន្តថ្កោលទោសសង្គ្រាមឃោរឃៅ គ្មានញញើត មិនសមហេតុផល និងខុសច្បាប់របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន” ដោយបន្ថែមថា ពួកគេនឹងពង្រីកកិច្ចខិតខំប្រឹងប្រែង សម្របសម្រួល ដើម្បីការពារទីក្រុងម៉ូស្គូ ពីការចំណេញពីការឈ្លានពានរបស់ខ្លួន និងពង្រឹងសមត្ថភាពរបស់រុស្ស៊ី ក្នុងការអនុវត្តសង្គ្រាម៕ ប្រែសម្រួល ឈូក បូរ៉ា