ប៉ារីស ៖ ប្រទេសបារាំង នឹងបន្តរបាំងពន្ធលើ ថាមពលរបស់ខ្លួន ដែលមានតម្លៃ ១៦ពាន់លានអឺរ៉ូ (១៥ពាន់លានដុល្លារ អាមេរិក) នៅក្នុងវិក័យប័ត្រថវិកាឆ្នាំ ២០២៣ របស់ប្រទេសនេះ នេះបើតាមរដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ Bruno Le Maire និងរដ្ឋមន្ត្រីប្រតិភូ សម្រាប់គណនី សាធារណៈ Gabriel Attal បានប្រកាសកាលពីថ្ងៃចន្ទ ។
បន្ទាប់ពីកិច្ចប្រជុំ នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក Le Maire បានប្រាប់សារព័ត៌មានថា គោលដៅសម្រាប់វិក័យប័ត្រ ថវិកាឆ្នាំ២០២៣ របស់ប្រទេសគឺត្រូវចំណាយ “ចុះដល់ប្រាក់អឺរ៉ូចុងក្រោយ” ដើម្បីកាត់បន្ថយអតិផរណា និងការពារអំណាចទិញ ចំពេលមានការកើនឡើងតម្លៃថាមពល។
លោក Le Maire បានលើកឡើងថា ថវិកាឆ្នាំ២០២៣ សម្រាប់ប្រទេសបារាំង គឺផ្អែកលើការព្យាករណ៍កំណើនសេដ្ឋកិច្ច ២,៧ភាគរយក្នុងឆ្នាំ២០២២ និង ១ភាគរយក្នុងឆ្នាំ២០២៣ ខណៈដែលអតិផរណាត្រូវបានគេប៉ាន់ស្មានថា មានប្រហែល ៦ភាគរយក្នុងឆ្នាំ២០២២ និង ៤ ភាគរយក្នុងឆ្នាំ២០២៣។
លោកបានបន្ថែមថា គោលដៅមួយទៀត គឺកាត់បន្ថយឱនភាពគណនីសាធារណៈរបស់ប្រទេសបារាំងឱ្យនៅខាងក្រោម ៣ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ខ្លួន ហើយក្រសួង អប់រំ និង ក្រសួងការពារជាតិ ក៏នឹងទទួល បានថវិកា បន្ថែមទៀត តាមរយៈច្បាប់ ថវិកា ឆ្នាំ ២០២៣នេះផងដែរ។
គួរបញ្ជាល់ថា ដើម្បីបង្កើនការងារពេញម៉ោង នៅឆ្នាំ២០២៣ រដ្ឋាភិបាលនឹងបែងចែកថវិកាចំនួន ៦ពាន់លានអឺរ៉ូបន្ថែមទៀតដល់ក្រសួងការងារ និងការងាររបស់ខ្លួន ជាងឆ្នាំ២០២២ ៕
ប្រែសម្រួល ឈូក បូរ៉ា