ព័ត៌មានអន្តរជាតិ

ជប៉ុន ប្តេជ្ញាធ្វើការជាមួយ អូស្ត្រាលី និងឥណ្ឌា សម្រាប់តំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក ដោយសេរី និងបើក ចំហ

តូក្យូ ៖ នាយករដ្ឋមន្ត្រី Fumio Kishida បានយល់ព្រមជាមួយ សមភាគីអូស្ត្រាលី និង ឥណ្ឌាកាលពីថ្ងៃអង្គារ ដើម្បីសហការ ក្នុងការសម្រេច បាននូវឥណ្ឌូប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ ដែលជាចក្ខុវិស័យ របស់អតីតមេដឹកនាំលោក ស៊ីនហ្សូ អាបេ ដែលតស៊ូមតិ នៅថ្ងៃទីពីរនៃ “ការទូតរំលែកទុក្ខ” របស់ប្រទេសជប៉ុន។

លោក Kishida បានឈានដល់កិច្ចព្រមព្រៀង ក្នុងអំឡុងពេលកិច្ចប្រជុំដាច់ដោយឡែកជាមួយលោក Anthony Albanese និង Narendra Modi មុនពេលពិធីបុណ្យសពរដ្ឋ នៅទីក្រុងតូក្យូ សម្រាប់នាយករដ្ឋមន្ត្រីជប៉ុន ដែលកាន់អំណាចយូរបំផុត ដែលត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើង ខណៈកំពុងធ្វើសុន្ទរកថា បោះឆ្នោតកាលពីខែកក្កដា។

ជប៉ុន ឥណ្ឌា និងអូស្ត្រាលី បានបង្កើតក្រុម Quad ដែលជាក្រុមបួនផ្លូវ ដែលពាក់ព័ន្ធជាមួយ នឹងសហរដ្ឋអាមេរិក ។ ពួកគេ បាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗដូចជា វិស័យការពារជាតិ និងថាមពល ចំពេលមានការកើនឡើងនៃកម្លាំងយោធា និងសេដ្ឋកិច្ចរបស់ចិន នៅក្នុងតំបន់។

នៅក្នុងជំនួបរបស់លោកជាមួយលោក Modi ដែលជាផ្នែកមួយបើកចំហ ចំពោះប្រព័ន្ធផ្សព្វផ្សាយ លោក Kishida បានលើកឡើងថា ប្រទេសជប៉ុន នឹងកសាងសមិទ្ធិផលការ ទូតរបស់លោក អាបេ និងបន្តកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌា ដើម្បីសម្រេចបាននូវឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហ។

លោក Modi បានលើកឡើងថា ទំនាក់ទំនងរវាង ទីក្រុងតូក្យូ និងទីក្រុង ញូវដេលី បានឈានដល់ “កម្ពស់ថ្មី” បន្ទាប់ពីបានពង្រីក នៅក្នុងតំបន់ជាច្រើនក្រោមការ គ្រប់គ្រងរបស់លោក អាបេ ដែលនាយករដ្ឋមន្ត្រីឥណ្ឌា បានកសាងទំនាក់ទំនងផ្ទាល់ខ្លួន។ លោក បាន សម្តែង ការ ចូលរួម រំលែក ទុក្ខ យ៉ាង ក្រៀមក្រំ ចំពោះ មរណភាព របស់ លោក អាបេ។

ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថាលោក Kishida និងលោក Modi បានផ្លាស់ប្តូរទស្សនៈស្តីពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន និងបានបញ្ជាក់ពីភាពចាំបាច់ នៃការដោះស្រាយជម្លោះដោយសន្តិវិធី នៅទូទាំងពិភពលោក។

មេដឹកនាំទាំងពីរក៏បានភ្ជាប់សារៈសំខាន់ ចំពោះហិរញ្ញវត្ថុ “តម្លាភាព និងយុត្តិធម៌” សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៃប្រទេសក្រីក្រ ដោយយោងជាក់ស្តែង ចំពោះ “ការទូតអន្ទាក់បំណុល” ដែលត្រូវបានចោទប្រកាន់លើប្រទេសចិន ដោយប្រើប្រាក់កម្ចីជាអានុភាព ដើម្បីទទួលបានសម្បទាន ពីប្រទេសអ្នកខ្ចី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top