ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញឲ្យអាមេរិក មានវិធីសាស្រ្ដប្រាកដនិយម ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែរឡើងវិញ

តេអេរ៉ង់៖ គេហទំព័រក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានអំពាវនាវឱ្យមានវិធីសាស្រ្ត “ជាក់ស្តែង” ពីសហរដ្ឋអាមេរិក ចំពេលមានការខិតខំប្រឹងប្រែងអន្តរជាតិ សម្រាប់ការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ។

គេហទំព័រនេះបានដកស្រង់សម្តីលោក Amir-Abdollahian ដែលបានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅទីក្រុងញូវយ៉កថា “មានការរីកចម្រើនជាច្រើន ក្នុងការចរចា ហើយយើងជឿជាក់ថា កិច្ចព្រមព្រៀងមួយអាចសម្រេចបាន ប្រសិនបើភាគីអាមេរិក មានភាពប្រាកដនិយម”។

សម្រាប់ផ្នែករបស់លោកវិញ លោក Guterres បានលើកឡើងថា លោកគាំទ្រការវិលត្រឡប់របស់ភាគីទាំងអស់ ទៅកាន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថាជាផែនការ សកម្មភាពទូលំទូលាយរួម (JCPOA) ដោយបង្ហាញពីក្តីសង្ឃឹម សម្រាប់ការសម្រេចបាននូវកិច្ចព្រមព្រៀង ដែលអាចនាំទៅដល់ការស្ដារឡើងវិញនូវ JCPOA ។

ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង និងបានដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញ លើទីក្រុងតេអេរ៉ង់ ដោយជំរុញឱ្យភាគីចុងក្រោយទម្លាក់ ការប្តេជ្ញាចិត្តមួយចំនួន នៅក្រោមកតិកាសញ្ញានេះ។

កិច្ចពិភាក្សាស្តីពីការរស់ឡើងវិញរបស់ JCPOA បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ នៅទីក្រុងវីយែន ប៉ុន្តែត្រូវបានផ្អាកនៅក្នុងខែមីនាឆ្នាំនេះ ដោយសារតែភាពខុសគ្នាខាងនយោបាយ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន។ ជុំចុងក្រោយនៃកិច្ចចរចានុយក្លេអ៊ែ រត្រូវបានធ្វើឡើងនៅរដ្ឋធានីអូទ្រីស កាលពីដើមខែសីហា បន្ទាប់ពីបានផ្អាកអស់រយៈពេល ៥ខែ។

កាលពីថ្ងៃទី ៨ ខែសីហា សហភាពអឺរ៉ុប បានដាក់ចេញអត្ថបទចុងក្រោយរបស់ខ្លួន នៃសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការរស់ឡើងវិញនូវ JCPOA ។ ក្រោយមក អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរ ទស្សនៈដោយប្រយោលលើសំណើរ បស់សហភាពអឺរ៉ុប ក្នុងដំណើរការមួយ ដែលបរាជ័យក្នុងការបង្កើតលទ្ធផល អំណោយផលណាមួយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top