បរទេស៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban កាលពីថ្ងៃព្រហស្បតិ៍ម្សិលមញនេះ បានធ្វើការព្រមានថារដ្ឋាភិបាល ទីក្រុង Budapest នឹងមិនគាំទ្រឡើយ ចំពោះទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្សី ក្នុងករណីដែលសហភាពអឺរ៉ុប បន្តដាក់ទណ្ឌកម្មថ្មីសំដៅលើវិស័យថាមពល របស់ប្រទេសរុស្សី។
លោក Gergely Gulyas ប្រធានផ្នែកបុគ្គលិករបស់រដ្ឋាភិបាលលោក Orban បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅអំឡុងនៃពេលថ្លែងសន្ទរកថា ប្រចាំថ្ងៃមួយថា៖ ហុងគ្រី បានចូលរួជាច្រើន នៅក្នុងកិច្ចការងាររួមគ្នា ជាមួយនឹងអឺរ៉ុប ប៉ុន្តែលើកនេះប្រសិនបើវាជាកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងទៅនឹងថាមពលរបស់រុស្សីនោះ យើងនឹងមិនចូលរួមគាំទ្រជាដាច់ខាត។
លោកបន្តថា៖ពួកយើងនឹងបន្តរងចាំ រហូតដល់កញ្ចប់ចុងក្រោយ ដែលត្រូវបានអនុម័ត ដោយអឺរ៉ុបហើយបន្ទាប់មក យើងនឹងធ្វើការចរចា ប៉ុន្តែទោះជាយ៉ាងណាក្តីហុងគ្រី ដាច់ខាតមិនគាំទ្រចំពោះទណ្ឌកម្មប្រឆាំង ទៅនឹងថាមពលរបស់រុស្សីឡើយ។
គួរឲ្យដឹងដែរថាលោក Gulyas បានធ្វើការលើកឡើងនេះ នៅមុនពេលដែលកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ច លើកទី៨ ដែលនឹងត្រៀមបង្ហាញជាផ្លូវការ ក្នុងពេលដែលសមាជិកត នៅកំពុងបន្តពិភាក្សាគ្នានៅឡើយនោះ៕ ប្រែសម្រួល៖ស៊ុនលី