ព័ត៌មានអន្តរជាតិ

ស្លាប់ជាង ២០នាក់ និងបាត់ខ្លួនជាង ៥០នាក់ ក្នុងគ្រោះថ្នាក់រអិលបាក់ដី វាយប្រហារវេណេស៊ុយអេឡា

ការ៉ាកាស៖ អនុប្រធានាធិបតី វេណេស៊ុយអេឡាលោកស្រី Delcy Rodriguez បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២២នាក់បានស្លាប់ និង ៥២នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីបាន កើតឡើងនៅភាគខាងជើងរដ្ឋ Aragua ក្នុងប្រទេសវេណេស៊ុយអេឡា។

លោកស្រី Rodriguez បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមកញ្ចក់ទូរទស្សន៍ថា “ប្រធានាធិបតីលោក នីកូឡា ម៉ាឌូរ៉ូ នឹងប្រកាសថានេះជា តំបន់គ្រោះមហន្តរាយ ហើយថែមទាំងបានប្រកាសកាន់ទុក្ខ ៣ថ្ងៃផងដែរ”។

ការបាក់ដីនេះ គឺដោយសារតែភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យទន្លេជាច្រើន ហូរហៀរនៅជិតទីក្រុង Las Tejerias ដែលមានចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ពីរដ្ឋធានីការ៉ាកាស ។

លោកស្រី Rodriguez ដែលបានទៅទស្សនាតំបន់ រងគ្រោះកាលពីថ្ងៃអាទិត្យ បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធជាតិ Bolivarian ត្រូវបានបញ្ជូនទៅស្វែងរកអ្នកបាត់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រីក៏​បាន​ឲ្យដឹងដែរ​ថា ជម្រក​ត្រូវ​បាន​បង្កើត​ឡើង ​សម្រាប់​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់ ហើយ​អាជីវកម្ម​ដែល​រង​ការ​ខូច​ខាត​នឹង​ត្រូវ​បាន​ជួយ។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងផ្ទៃក្នុង យុត្តិធម៌ និងសន្តិភាព Remigio Ceballos បានលើកឡើងថា មន្ត្រីជាង ១០០០ នាក់មកពីភ្នាក់ងារសន្តិសុខ និងគ្រប់គ្រងហានិភ័យកំពុង ឆ្លើយតបទៅនឹងភាពអាសន្ននេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top