ព័ត៌មានអន្តរជាតិ

Update៖ គ្រោះបាក់ដីនៅ វេណេស៊ុយអេឡា បណ្តាលឲ្យស្លាប់មនុស្ស រហូតដល់៣៦នាក់ ខណៈ៥៦នាក់ទៀតកំពុងបាត់ខ្លួន

ការ៉ាកាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ថា លោក Remigio Ceballos រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងផ្ទៃក្នុង យុត្តិធម៌ និងសន្តិភាព បានលើកឡើងថា គ្រោះបាក់ដីកាលពីចុងសប្តាហ៍នៅរដ្ឋ Aragua ភាគកណ្តាលនៃប្រទេសវេណេស៊ុយអេឡា បានសម្លាប់មនុស្សអស់ចំនួន៣៦នាក់ គិតត្រឹមរសៀលថ្ងៃចន្ទ ដោយមនុស្សចំនួន៥៦នាក់ បានបាត់ខ្លួននៅឡើយ ។

លោកបានលើកឡើងថា រដ្ឋាភិបាលវេណេស៊ុយអេឡា បានចែកចាយស្បៀងអាហារ និងទឹកចំនួន៣០០តោន នៅក្នុងតំបន់រងគ្រោះ ដោយលោកបានបន្ថែមថា សមាជិកជាង៣.០០០នាក់ ។ ប៉ូលិស និងនាយកដ្ឋានពន្លត់អគ្គីភ័យ ទីភ្នាក់ងារការពារជនស៊ីវិល និងកងកម្លាំងប្រដាប់អាវុធជាតិបូលីវ៉ារៀ ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ។

នៅមុននេះ អនុប្រធានាធិបតី លោកស្រី Delcy Rodriguez បានថ្លែងថា ផ្ទះចំនួន៣១៧ខ្នងត្រូវបានបំផ្លាញទាំងស្រុង និង៧៥៧ខ្នងរងការខូចខាតនៅក្នុងទីក្រុង Las Tejerias ជាកន្លែងដែលសោកនាដកម្មបានកើតឡើង។

លោកស្រីបន្តថា ខណៈអគ្គិសនីត្រូវបានស្ដារឡើងវិញ ហើយសេវាទឹកស្អាតនៅតែដាច់នៅឡើយ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top