ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ថា លោក Sebastien Lecornu រដ្ឋមន្ត្រីការពារជាតិ បានប្រាប់ដល់កាសែត Le Parisien កាលពីថ្ងៃសៅរ៍ថា លោក Emmanuel Macron ប្រធានាធិបតីបារំាង បានគាំទ្រ សំណើមួយ ដើម្បីបណ្តុះបណ្តាល ទាហានអ៊ុយក្រែន មួយចំនួនធំ នៅក្នុងប្រទេសនេះ ។
លោកបានលើកឡើងថា “លោកប្រធានាធិបតី … បានអនុម័តផែនការហ្វឹកហ្វឺន ដែលនឹងអនុញ្ញាតឱ្យទាហានអ៊ុយក្រែន រហូតដល់២.០០០នាក់ ត្រូវបានស្វាគមន៍នៅប្រទេសបារាំង” ។
លោកបានមានលើកឡើងថា “ពួកគេនឹងត្រូវចាត់ឲ្យទៅអង្គភាព របស់យើងជាច្រើនសប្តាហ៍” ដោយលោកបានឲ្យដឹងទៀតថា ការហ្វឹកហ្វឺនយោធា សម្រាប់ការប្រើប្រាស់យន្តហោះចម្បាំង Caesar howitzers ធ្លាប់ត្រូវបានផ្តល់ជូនទាហានអ៊ុយក្រែន ។
លោក Lecornu បានបញ្ជាក់ថា “ប៉ុន្តែឥឡូវនេះវាគឺជាការផ្លាស់ប្តូរ” ។
រដ្ឋមន្ត្រីរូបនេះបានលើកឡើងថា ប្រទេសបារាំង បានបញ្ជូនយន្តហោះចម្បាំង Caesar howitzers ចំនួន១៨គ្រឿង មកទល់ពេលនេះទៅកាន់ ប្រទេសអ៊ុយក្រែន ហើយកិច្ចពិភាក្សានោះ កំពុងបន្តបញ្ជូនចំនួន៦បន្ថែមទៀត ។ លោក Lecornu បានលើកឡើងថា លើសពីនេះ ប្រទេសបារាំង ក៏កំពុងថ្លឹងថ្លែងការបញ្ជូនមីស៊ីល ពីដីទៅដីរបស់ខ្លួនផងដែរ ។
លោកក៏បានសន្យាថា បារាំង នឹងផ្តល់មីស៊ីលប្រឆាំងដែន អាកាសរយៈចម្ងាយខ្លី Crotale ដែលប្រើសម្រាប់ស្ទាក់ចាប់មីស៊ីល និងយន្តហោះដែលហោះទាបៗ ។
លោក Lecornu បានសង្កត់ធ្ងន់ថា “ចំនួន នៃមីស៊ីលប្រឆាំងដែន អាកាស Crotales កំពុងត្រូវបានកំណត់ ជាមួយជនជាតិអ៊ុយក្រែន ប៉ុន្តែវានឹងមានសារៈសំខាន់ ក្នុងការអនុញ្ញាតឱ្យពួកគេការពារ ដែនអាកាសរបស់ពួកគេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា