ព័ត៌មានអន្តរជាតិ

Politico ៖ ក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin នឹងបង្កើនការផលិតគ្រាប់រ៉ុក្កែត HIMARS

បរទេស ៖ ក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin នឹងបង្កើនការ ផលិតគ្រាប់រ៉ុក្កែត M142 HIMARS ខណៈដែលសហរដ្ឋអាមេរិកបានសន្យាថា នឹងបញ្ជូនអាវុធបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន ចំពេលមាន ជម្លោះ ជាមួយរុស្ស៊ី, នេះបើតាមសារព័ត៌មាន Politico បានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់ការ អំពាវនាវ របស់នាយកប្រតិបត្តិ Jim Taiclet ជាមួយអ្នកវិនិយោគ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមរបាយការណ៍ Taiclet បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងបង្កើន ផលិតកម្មពី ៦០ ក្នុងមួយឆ្នាំដល់ ៩៦ ។ ការបង្កើននេះកើតឡើង បន្ទាប់ពីអ៊ុយក្រែន ប៉ូឡូញ និង ប្រទេសអេស្តូនី បានបញ្ជាទិញឧបករណ៍បាញ់ បង្ហោះរាប់សិបគ្រឿង ។

Taiclet បានបន្ថែមថា ក្រុមហ៊ុន Lockheed Martin ក៏កំពុងពិចារណាពង្រីករោងចក្ររបស់ខ្លួននៅ Camden រដ្ឋ Arkansas ផងដែរ។

សូមជម្រាបថា HIMARS គឺជាអាវុធទំនើបបំផុត ដែលអាមេរិកបានផ្គត់ផ្គង់ដល់អ៊ុយក្រែន រហូតមកដល់បច្ចុប្បន្ន ។ ប្រព័ន្ធនេះអនុញ្ញាត ឱ្យធ្វើការវាយប្រហារដោយភាព ជាក់លាក់ខ្ពស់ ទៅលើគោលដៅដូចជាស្ពាន និងឃ្លាំងរំសេវដែល នៅពីក្រោយបន្ទាត់របស់សត្រូវ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top