ឡុងដ៌ ៖ នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រ ភពអង់គ្លេសលោក Rishi Sunak កាលពីថ្ងៃអង្គារបានសន្យាថានឹង “ជួសជុលកំហុស” ដែលធ្វើឡើង ដោយរដ្ឋាភិបាល លោកស្រី Truss និងស្ដារស្ថិរភាពសេដ្ឋកិច្ច របស់ប្រទេស ខណៈដែលព្រមានថានឹងមាន “ការសម្រេចចិត្តដ៏លំបាក ដែលនឹងកើតឡើង” ។
លោក Sunak បានឲ្យដឹងនៅក្នុងសុន្ទរកថាដំបូង របស់គាត់ទៅកាន់ប្រទេសនៅខាងក្រៅ 10 Downing Street ថា “ឥឡូវនេះ ប្រទេសរបស់យើងកំពុង ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច យ៉ាងជ្រាលជ្រៅ” ។ លោកបានក្លាយជានាយករដ្ឋមន្ត្រីជាផ្លូវការ មួយរំពេចបន្ទាប់ពីស្តេច Charles III បានជួបលោកនៅវិមាន Buckingham ហើយបានអញ្ជើញ លោកឱ្យបង្កើតរដ្ឋាភិបាល។
លោក Sunak បានលើកឡើងថា លោកស្រី Liz Truss មិនខុសទេក្នុងការចង់កែលម្អកំណើន ដែលជា “គោលបំណងដ៏ថ្លៃថ្នូ” ប៉ុន្តែ “កំហុសត្រូវបានធ្វើឡើង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការប៉ុនប៉ងរបស់លោកស្រី Truss ក្នុងការប្រើការកាត់បន្ថយពន្ធ ដែលផ្តល់មូលនិធិ ដោយបំណុល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បានធ្លាក់ចុះប្រាក់ផោនអង់គ្លេស ដល់កម្រិតទាប រយៈពេល ៣៧ ឆ្នាំធៀបនឹងប្រាក់ ដុល្លារអាមេរិក ខណៈដែលជំរុញ ឱ្យតម្លៃនៃការខ្ចីប្រាក់ របស់រដ្ឋាភិបាល និងអត្រាកម្ចីទិញផ្ទះ ។
លោក Sunak បានបន្ដថា លោកបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ដើម្បីជួសជុលកំហុសទាំងនោះ។ លោកបានថ្លែងថា “ខ្ញុំនឹងដាក់ស្ថិរភាពសេដ្ឋកិច្ច និងទំនុកចិត្តជាស្នូល នៃរបៀបវារៈរបស់រដ្ឋាភិបាលនេះ ហើយនេះនឹងមានន័យថាការសម្រេចចិត្តពិបាកនឹងមកដល់”។
គួរបញ្ជាក់ថា លោក Sunak អាយុ ៤២ឆ្នាំ ត្រូវបានទទួលមរតកសេដ្ឋកិច្ច មួយនៅលើគែមនៃវិបត្តិសេដ្ឋកិច្ច ជាមួយនឹងវិបត្តិថាមពល វិបត្តិតម្លៃនៃការរស់នៅ និងអតិផរណា៕
ប្រែសម្រួល ឈូក បូរ៉ា