អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Anadolu បានរាយការណ៍ថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅទីក្រុងរបស់តួកគីបានបង្ហាញថា ភាគីទាំងពីរនឹងមិនប៉ុនប៉ងប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ។
លោក Erdogan បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅលើជើងហោះហើរត្រឡប់ទៅកាន់តួកគី ពីប្រទេសឥណ្ឌូណេស៊ីថា “ព័ត៌មានដែលខ្ញុំទទួលបានពីនាយកចារកម្មរបស់ខ្ញុំថាតើរុស្ស៊ី និងសហរដ្ឋអាមេរិក នឹងងាកទៅរកអាវុធនុយក្លេអែរឬអត់ គឺថា រហូតមកដល់ពេលនេះ ភាគីទាំងពីរនឹងមិនមានការប៉ុនប៉ងណាមួយលើអាវុធនុយក្លេអ៊ែរនោះទេ”។
ប្រធានាធិបតីតួកគីបានសំដៅលើកិច្ចប្រជុំមួយរវាងប្រមុខនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក (CIA) និងសេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី ដែលរៀបចំដោយអង្គការស៊ើបការណ៍ជាតិរបស់ប្រទេសតួកគីក្នុងរដ្ឋធានីអង់ការ៉ាកាលពីថ្ងៃចន្ទ។
លោកបានលើកឡើងថា “ព្រះជាម្ចាស់ហាមឃាត់ ពីព្រោះអាវុធនុយក្លេអ៊ែរ អាចនាំឱ្យមានសង្រ្គាមពិភពលោកថ្មីមួយ ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Dmitri Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានឲ្យដឹងថា ជំនួបរវាងនាយក CIA លោក Bill Burns និងសមភាគីចារកម្មរុស្ស៊ីរបស់លោក Sergey Naryshkin នៅទីក្រុងអង់ការ៉ា ត្រូវបានធ្វើឡើងតាមសំណើរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា