បរទេស ៖ សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រថា មេបញ្ជាការយោធាកំពូល របស់អ៊ុយក្រែន ឧត្តមសេនីយ៍ Valery Zaluzhny ត្រូវបានគេប្រាប់ ឱ្យកាត់បន្ថយព័ត៌មាន សាធារណៈរបស់គាត់ បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីភាព តានតឹងរវាងគាត់ និងប្រធានាធិបតី Vladimir Zelensky នេះបើយោងតាមកាសែត Financial Times បានរាយការណ៍ កាលពីថ្ងៃសុក្រដោយដកស្រង់ សម្តីមនុស្សដែលដឹងពីបញ្ហានេះ។
របាយការណ៍បានបញ្ជាក់ថា ការជជែកគ្នាអំពីជម្លោះ ដែលអាចកើតមានបាន«បានវិលជុំវិញក្នុងប៉ុន្មានខែថ្មីៗនេះ»។
“អ្នកទាំងពីរទទូចថា នេះជាព័ត៌មានមិនពិតរបស់រុស្ស៊ី ដែលមានបំណងបង្កភាពតានតឹង ក្នុងការគ្រប់គ្រងរបស់ Kiev។ ប៉ុន្តែអ្នកដែលដឹងពីស្ថានភាព បាននិយាយថា Zaluzhny ត្រូវបានស្នើសុំឱ្យបន្ធូរបន្ថយ លើការបញ្ចេញព័ត៌មាន សាធារណៈរបស់គាត់” ។
លោក Zaluzhny ស្ថិតក្នុងចំណោមមន្ត្រីកំពូលៗ របស់អ៊ុយក្រែន ដែលទទួលបានការចាប់អារម្មណ៍ ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងការបង្ហាញខ្លួន នៅលើក្របទស្សនាវដ្តី Time ក្នុងខែកញ្ញា។ កាសែតអាល្លឺម៉ង់ Bild ថែមទាំងបានពណ៌នា លោក Zaluzhny នៅក្នុងខែសីហាថាជាអ្នកស្នងតំណែង ដ៏មានសក្តានុពលរបស់ Zelensky ៕