ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា ការបង្កើនវត្ដមាន យោធាអាមេរិក នៅដែនទឹកភាគ ខាងត្បូងប្រទេស មិនអាចទទួលយកបាននោះទេ

តេអេរ៉ង់៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានឲ្យដឹងថា ផែនការណាមួយ ដើម្បីបង្កើន វត្តមានយោធា អាមេរិកនៅក្នុងដែនទឹក អន្តរជាតិភាគខាងត្បូង នៃប្រទេសគឺ “មិនអាចទទួលយកបាន” ព្រោះវានឹងគំរាមកំហែង ដល់ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Kanaani បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកថា “យើងជឿជាក់ថា មធ្យោបាយដ៏ល្អបំផុតក្នុងការពង្រឹងសន្តិភាព និង ស្ថិរភាពនៅក្នុងតំបន់ ជាពិសេសក្នុងដែនទឹកអន្តរជាតិ គឺការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមបណ្តាប្រទេស នៅតាមឆ្នេរសមុទ្រ និងក្នុងតំបន់” ។

លោកបានលើកឡើងថា ជាអកុសល អាមេរិកបានដើរតួនាទីមិនស្ថាបនា និងអស្ថិរភាព ជាច្រើនឆ្នាំមកនេះ នៅក្នុងតំបន់ ដោយមិននាំមកនូវស្ថិរភាព និងសន្តិសុខដល់ប្រទេស ក្នុងតំបន់ណាមួយឡើយ។

នៅពេលសួរអំពីការ វាយប្រហារនាពេលថ្មីៗនេះលើនាវាដឹកប្រេងដែលជាកម្មសិទ្ធិរបស់អ៊ីស្រាអែល លោក Kanani បានបន្ដថា លោកមិនមានព័ត៌មានអំពី ឧបទ្ទវហេតុនេះទេ ប៉ុន្តែបានចោទប្រកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិកថាកំពុងស្វែងរកការពង្រឹងយោធានិយម និងធ្វើឱ្យសកម្មភាពអស្ថិរភាព នៅក្នុងដែនទឹកអន្តរជាតិក្នុងតំបន់ ដោយប្រើការអភិវឌ្ឍន៍ និងលេសមួយចំនួន។

គួរបញ្ជាក់ថា មានយន្តហោះដ្រូន បានវាយប្រហារលើនាវាដឹកប្រេង ដែលមានទង់ជាតិលីបេរីយ៉ា ដែលជាកម្មសិទ្ធិរបស់អ៊ីស្រាអែល Pacific Zircon នៅឯឆ្នេរសមុទ្រនៃប្រទេសអូម៉ង់ កាលពីសប្តាហ៍មុន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top