ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា អាមេរិក​នៅ​តែ​ផ្ញើ​សារ សម្រាប់​ការ​ចរចា​ នុយក្លេអ៊ែរ​ ឡើង​វិញ

តេអេរ៉ង់៖ អ្នកនាំពាក្យ ក្រសួងការបរទេស អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក នៅតែផ្ញើសារ សម្រាប់ការបន្តកិច្ចចរចា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

ទីភ្នាក់ងារព័ត៌មាននិស្សិត អ៊ីរ៉ង់បានដកស្រង់សម្តីលោក Nasser Kanaani ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “ទោះបីជាមន្ត្រីសហរដ្ឋអាមេរិក បានបង្ហាញការស្ទាក់ស្ទើរក្នុងការ បន្តកិច្ចចរចានុយក្លេអ៊ែរ ហើយបានអះអាងថា ការចរចាមិនមាននៅក្នុងរបៀបវារៈ របស់ពួកគេក៏ដោយ ក៏ពួកគេនៅតែផ្ញើសារ” សម្រាប់ការបន្តដំណើរការការទូត ដើម្បីស្តារកិច្ចព្រមព្រៀង ឡើងវិញ។

លោកបានកត់សម្គាល់ថា អ៊ីរ៉ង់ នៅតែអះអាងថា ដំណើរការការទូត គឺជាវិធីសាស្រ្តដ៏ល្អបំផុត ដើម្បីការពារផលប្រយោជន៍ របស់ភាគីទាំងអស់ នៅក្នុងកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

លោកបានបន្ដថា “យើងមិនបង្ហាញពីសុទិដ្ឋិនិយម ឬទុទិដ្ឋិនិយមទេ ហើយនឹងនៅតែមានភាពប្រាកដនិយមក្នុងរឿងនេះ” ដោយបន្ថែមថា ប្រសិនបើភាគីម្ខាងទៀតនៅតែសកម្ម និងមានការប្តេជ្ញាចិត្តផ្នែកនយោបាយចាំបាច់ សម្រាប់ការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ វានឹងទទួលបាននូវការឆ្លើយតបជាវិជ្ជមានពីទីក្រុងតេអេរ៉ង់។

លោកបានបន្ថែមថា ក្នុងករណីដែលភាគីម្ខាងទៀតអសកម្ម អ៊ីរ៉ង់នឹងបន្តវិធីសាស្រ្ត “ឯករាជ្យ” ដោយផ្អែកលើការសម្រេចចិត្ត និងគោលនយោបាយផ្ទាល់ខ្លួន។

យោងតាមលោក Kanaani សារកំពុងត្រូវបានផ្លាស់ប្តូររវាងអ៊ីរ៉ង់ និងភាគីផ្សេងទៀតនៅក្នុងការចរចា រួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈអ្នកសម្រុះសម្រួល ដូចជាប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell ឬរដ្ឋមន្ត្រីការបរទេស មកពីរដ្ឋជាមិត្តដែលមានទំនាក់ទំនង ជាមួយទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន។

ងាកទៅរកវិធីសាស្រ្តរបស់អឺរ៉ុបឆ្ពោះទៅរកការបន្ត កិច្ចចរចានុយក្លេអ៊ែរ វិញ លោក Kanaani បានលើកឡើងថា អឺរ៉ុបកំពុងបង្ហាញភាពអសកម្មមួយឆ្ពោះ ទៅការបំពេញការប្តេជ្ញាចិត្ត របស់ពួកគេក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរ។

លោកបានបន្ថែមថា ក្នុងអំឡុងពេលជុំមុន នៃការចរចានុយក្លេអ៊ែរ អឺរ៉ុបបានបង្ហាញឱ្យឃើញថាខ្លួនកំពុងធ្វើសកម្មភាពក្រោមឥទ្ធិពលនៃវិធីសាស្រ្តនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយបានបរាជ័យក្នុងការដើរតួនាទីឯករាជ្យ៕

To Top