ព័ត៌មានអន្តរជាតិ

មេដឹកនាំសុខភាពអឺរ៉ុប សម្តែងការព្រួយបារម្ភពី ជំងឺផ្តាសាយនារដូវរងា និងការកើនឡើងជំងឺផ្លូវដង្ហើម រួមទាំងជំងឺកូវីដ-១៩

COPENHAGEN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំសុខភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះការកើនឡើងសក្តានុពល នៃការឆ្លងមេរោគផ្លូវដង្ហើម នៅទូទាំងតំបន់ក្នុងរដូវរងារនេះ ហើយបានអំពាវនាវឱ្យមាន ការការពារដោយយក ចិត្តទុកដាក់បំផុតចំពោះពលរដ្ឋ ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត ។

ដោយសារការព្រួយបារម្ភអំពី ការរីករាលដាលនៃមេរោគផ្លូវដង្ហើម ហៅកាត់ថា (RSV) ដែលបានកើនឡើង និងជំងឺកូវីដ-១៩ នៅតែគំរាមកំហែងនោះ រដូវកាលជំងឺគ្រុនផ្តាសាយ ២០២២-២០២៣ បានឈានទៅដល់ការចាប់ផ្តើមដំបូង នៅក្នុងតំបន់អឺរ៉ុប ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលចេញដោយអឺរ៉ុប ដែលរួមមាន ប្រធានទទួលបន្ទុកសុខភាព និងសុវត្ថិភាពចំណីអាហារ Stella Kyriakides នាយកប្រចាំតំបន់របស់ អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) ប្រចាំតំបន់អឺរ៉ុប លោក Hans Kluge និងជានាយកមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC) Andrea Ammon ។

សេចក្តីថ្លែងការណ៍បានដាក់ថា “អង្គការសុខភាពពិភពលោកតំបន់អ៊ឺរ៉ុប បច្ចុប្បន្នកំពុងជួបប្រទះការបង្កើន ចរាចរនៃជំងឺគ្រុនផ្តាសាយ និងជំងឺផ្លូវដង្ហើម RSV រួមជាមួយនឹងជំងឺកូវីដ-១៩ មេរោគទាំងនេះត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលខ្ពស់លើសេវាសុខភាព និងប្រជាជនរបស់យើងក្នុងរដូវរងារនេះ” ។

សេចក្តីថ្លែងការណ៍ ក៏បានគូសបញ្ជាក់អំពី មេរោគគ្រុនផ្តាសាយបច្ចុប្បន្ន ប្រភេទ (A និង B) ដែលកំពុងកើនឡើងនៅក្នុងចរាចរនៅក្នុងតំបន់ផ្សេងៗគ្នា ក្នុងចំណោមក្រុមអាយុទាំងអស់ ។ អ្នកដែលមានអាយុចាប់ពី៥៥ឆ្នាំ ឡើងទៅគឺងាយរងគ្រោះបំផុត ។ ពួកគេមានចំនួនស្ទើរតែពាក់កណ្តាល នៃការចូលមន្ទីរពេទ្យ ជំងឺគ្រុនផ្តាសាយដែលបាន រាយការណ៍ចាប់តាំងពីខែតុលា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top