បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានបើកកិច្ចជំនួបពិភាក្សាគ្នាតាមទូរស័ព្ទ លើប្រធានបទមួយចំនួនដូចជា ការពង្រឹងចំណងទំនាក់ទំនង និងបញ្ហាតំបន់ជាច្រើនទៀត។
នៅក្នុងជំនួបនេះផងដែរមេដឹកនាំ ទាំងពីរបានធ្វើការពិភាក្សាគ្នា ទៅលើជំហ៊ានដែលគួរតែត្រូវធ្វើឡើង ក្នុងការពង្រឹងចំណងទំនាក់ទំនងទ្វេភាគី ឲ្យបាននៅគ្រប់វិស័យជាពិសេស ឧស្សាហកម្មការពារជាតិ និងវិស័យធ្វើជំនួញ។

លោក Erdogan បានថ្លែងដោយសង្ឃឹមថា ទំនាក់ទំនងរវាងសម្ព័ន្ធមិត្ត ជាសមាជិករបស់អង្គការណាតូទាំងពីរ នឹងអាចបន្តធ្វើឡើងស្ថិតនៅក្រោម ការណែនាំនិងគោលការណ៍ជាយុទ្ធសាស្ត្រ។
ក្រៅពីនោះមេដឹកនាំទាំងពីរ ក៏បានពិភាក្សាទៅលើកិច្ចការងារផ្សេងទៀត ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់មួយចំនួន និងសង្កត់ធ្ងន់ទៅលើ ភាគីទាំងអស់នឹងទទួលបាន អត្ថប្រយោជន៍ពីការបង្កើតឡើងវិញ នូវមូលដ្ឋានសម្រាប់ការ ចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន ៕
ប្រែសម្រួល៖ ស៊ុន លី

