ព័ត៌មានអន្តរជាតិ

អាមេរិក និងអូស្ត្រាលី នឹងស្វែងរកការចូលរួមបន្ថែមទៀត ជាមួយប្រទេសជប៉ុន នៅក្នុងតំបន់យោធា

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងអូស្ត្រាលី បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ ដើម្បីបង្កើនការចូលរួមជាមួយប្រទេសជប៉ុន ក្នុងវិស័យយោធា ដូចជាដោយការអញ្ជើញទីក្រុងតូក្យូ ឱ្យចូលរួមសមយុទ្ធរបស់ពួកគេបន្ថែមទៀត ចំពេលមានការអះអាងកាន់តែខ្លាំងឡើង របស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

បន្ទាប់ពីកិច្ចពិភាក្សាដែលមាន ការចូលរួមពីប្រមុខការពារជាតិ និងបរទេសរបស់ប្រទេសទាំងពីរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក៏បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាថា សហរដ្ឋអាមេរិក នឹងបង្កើនវត្តមានយោធាប្ដូរវេនរបស់ខ្លួន នៅក្នុងប្រទេសអូស្ត្រាលី រួមទាំងកងកម្លាំងទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងផងដែរ។

លោក Austin បានលើកឡើងថា “យើងបានប្តេជ្ញាខ្លួនយើង ក្នុងជំហានជាក់ស្តែង ដើម្បីធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ របស់យើងទាំងផ្នែកការទូត និងការពារជាតិ” ដោយលើកឡើងពីបញ្ហាប្រឈមដែល តំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រឈមមុខពី “សកម្មភាពដ៏គ្រោះថ្នាក់ និងការបង្ខិតបង្ខំ” របស់ចិន ជុំវិញកោះតៃវ៉ាន់ និងក្នុងសមុទ្រចិនខាងកើត និងខាងត្បូង។

លោកក៏បានឲ្យដឹងផងដែរថា “យើងបានយល់ព្រមក្នុងការបង្កើន កិច្ចសហប្រតិបត្តិការការពារជាតិត្រីភាគី និងអញ្ជើញប្រទេសជប៉ុន ឱ្យធ្វើសមាហរណកម្មទៅក្នុងគំនិតផ្តួចផ្តើម នៃកងកម្លាំងរបស់យើង នៅក្នុងប្រទេសអូស្ត្រាលី” ។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles បានលើកឡើងថា វាគឺជា “លទ្ធផលដ៏អស្ចារ្យ” នៃកិច្ចពិភាក្សា ដែលលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ សម្រាប់កិច្ចប្រជុំនាពេលខាងមុខ “ជាមួយនឹងការអញ្ជើញសម្រាប់ប្រទេសជប៉ុន ឱ្យចូលរួមក្នុងសមយុទ្ធបន្ថែមទៀត ជាមួយអូស្ត្រាលី និងសហរដ្ឋអាមេរិក”។

កិច្ចប្រជុំនៅទីក្រុងតូក្យូ គ្រោងធ្វើនៅថ្ងៃសុក្រ ហើយនឹងមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន និងអូស្ត្រាលី នេះបើយោងតាមរដ្ឋាភិបាលជប៉ុន។

គួរបញ្ជាក់ថា ជប៉ុនចាត់ទុកអូស្ត្រាលីជា “សម្ព័ន្ធមិត្ត” នៅពីក្រោយសន្ធិសញ្ញាសន្តិសុខរបស់ខ្លួន ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top