ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ ពលរដ្ឋចំនួន១៤១នាក់ បាត់បង់ជីវិត នៅក្នុងពេលមានជំនន់ទឹកភ្លៀង កើតឡើង នៅសាធារណរដ្ឋកុងហ្គោ

KINSHASA ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ១៤១នាក់បានបាត់បង់ជីវិត បន្ទាប់ពីមានគ្រោះទឹកជំនន់ និងគ្រោះបាក់ដីដែលបង្កឡើង ដោយភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារ ស្រុកជាច្រើន នៅក្រៅទីក្រុង Kinshasa រដ្ឋធានី នៃសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ ហៅកាត់ថា (DRC) កាលពីល្ងាចថ្ងៃចន្ទ ដល់ព្រឹកថ្ងៃអង្គារ ។
នេះបើតាមការវាយតម្លៃចុងក្រោយបំផុត ដែលបានផ្សព្វផ្សាយ ជាសាធារណៈកាលពីល្ងាចថ្ងៃអង្គារ ដោយអាជ្ញាធរមូលដ្ឋាន ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងសាធារណៈការខេត្ត Kinshasa បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាល ឱ្យមនុស្សស្លាប់ចំនួន១៤១នាក់ ខណៈ៣៨.៧៨៧គ្រួសារត្រូវបានជន់លិច និងផ្ទះប្រហែល២៨០ខ្នងបានដួលរលំ ។

អាជ្ញាធរក្រុង Kinshasa ក៏បានឲ្យដឹងអំពីការខូចខាត ដល់ផ្លូវហាយវេ N1 ដែលតភ្ជាប់ក្រុង Kinshasa ទៅកាន់ទីក្រុងកំពង់ផែ Matadi ដែលជាផ្លូវដ៏មមាញឹកមួយ ដែលត្រូវបានកាត់ផ្តាច់ជា ២នៅក្នុងស្រុក Mont-Ngafula ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top