ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងរុស្ស៊ី ចុះអនុស្សរណៈ លើការពង្រីកកិច្ច សហប្រតិបត្ដិការ ឧស្សាហកម្មអវកាស

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី កាលពីថ្ងៃពុធបានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ឧស្សាហកម្មអវកាស។

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខា រវាងទីភ្នាក់ងារអវកាសអ៊ីរ៉ង់ (ISA) និងសាជីវកម្មអវកាសរដ្ឋ Roscosmos របស់រុស្ស៊ី នៅខាងក្រៅពិព័រណ៍យន្តហោះអន្តរជាតិ និង លំហអាកាសអ៊ីរ៉ង់លើកទី១១ នៅកោះ Kish ភាគខាងត្បូងប្រទេស។

នៅក្នុងសុន្ទរកថា នៅឯពិធីចុះហត្ថលេខានេះ ប្រធាន ISA លោក Hassan Salarieh បានឲ្យដឹងថា MoU គ្របដណ្តប់លើវិសាលភាព ទូលំទូលាយ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមទាំងការ ផលិតផ្កាយរណប ចាប់សញ្ញាពីចម្ងាយ និងទូរគមនាគមន៍ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ។

លោកបានសម្តែងក្តីសង្ឃឹមថា MoU នឹងជួយប្រទេសអ៊ីរ៉ង់ ពន្លឿនការអភិវឌ្ឍន៍ឧស្សាហកម្មអវកាសរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

សម្រាប់ផ្នែករបស់លោកវិញ នាយកក្រុមហ៊ុន Roscosmos លោក Yuriy Borisov បានលើកឡើងថា អ៊ីរ៉ង់ មិនមែនជាដៃគូថ្មី សម្រាប់រុស្ស៊ីនោះទេ ខណៈដែលកិច្ចសហប្រតិបត្តិការ អវកាសរបស់ពួកគេបានចាប់ផ្តើមនៅឆ្នាំ២០២២ ។

កាលពីខែសីហា ផ្កាយរណប Khayyam របស់អ៊ីរ៉ង់ ត្រូវបានបាញ់បង្ហោះដោយជោគជ័យ ទៅកាន់ទីអវកាស ពីស្ថានីយ៍អវកាស Baikonur ក្នុងប្រទេសកាហ្សាក់ស្ថាន ដោយគ្រាប់រ៉ុក្កែត ផ្ទុកផ្កាយរណប Soyuz របស់រុស្ស៊ី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top