ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទទួលជោគជ័យ ក្នុងការសាកល្បង នូវម៉ូទ័រឥន្ធនៈរឹង សម្រាប់ការអភិវឌ្ឍន៍មីស៊ីល ICBM

តូក្យូ ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានសាកល្បង ដោយជោគជ័យនូវ “ម៉ូទ័រឥន្ធនៈរឹង ដែលមានកម្លាំងខ្លាំង” ជាមួយនឹងកម្លាំង ១៤០ តោន ខណៈដែលប្រទេសនេះ ព្យាយាមអភិវឌ្ឍមីស៊ីល ផ្លោងអន្តរទ្វីប ICBM ដែលមានសមត្ថភាពអាចបាញ់ បានជាមួយនឹងពេលវេលារៀបចំខ្លីជាងមុន ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ បានឲ្យដឹងថា ការធ្វើតេស្ត ដែលបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រ ការពារជាតិនៅឯកន្លែងបាញ់ បង្ហោះផ្កាយរណប Sohae គឺជាប្រភេទដំបូងបង្អស់នៅក្នុងប្រទេស ហើយមេដឹកនាំលោក គីម ជុងអ៊ុន បានដឹកនាំការបាញ់បង្ហោះនៅនឹងកន្លែង ។

មីស៊ីលផ្លោងដែលប្រើឥន្ធនៈរឹង អាចត្រូវបានរៀបចំ សម្រាប់ការបាញ់លឿនជាងមីស៊ីល ដែលប្រើឥន្ធនៈរាវ។ KCNA បានឲ្យដឹងថា លោក គីម បានសរសើរបណ្ឌិត សភាថា “បានដោះស្រាយដោយជោគជ័យនូវបញ្ហាសំខាន់មួយទៀត ក្នុងការអនុវត្តកិច្ចការអាទិភាពទាំង៥” នៅក្នុងវិស័យអាវុធ យុទ្ធសាស្ត្រ ក្រោមផែនការ ៥ឆ្នាំ ដែលបានដាក់ចេញកាលពីឆ្នាំមុន។

ការអភិវឌ្ឍនៃ ICBM ឥន្ធនៈរឹងត្រូវបានរួមបញ្ចូល នៅក្នុងផែនការ ៥ឆ្នាំ។ របាយការណ៍បានឲ្យដសងថា ខណៈពេលដែល “ផ្តល់ការលើកទឹកចិត្ត យ៉ាងកក់ក្តៅ” ដល់អ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកទេស នៃបណ្ឌិត្យសភា លោក គីម បានសម្តែងការរំពឹងទុកថា “អាវុធយុទ្ធសាស្ត្រប្រភេទថ្មីមួយទៀត នឹងត្រូវបានធ្វើឡើងក្នុងរយៈពេលដ៏ខ្លីបំផុត” ។

កូរ៉េ​ខាង​ជើង​ត្រូវ​បាន​គេ​ជឿ​ថា បាន​ដាក់​ពង្រាយ​មីស៊ីលផ្លោង ​រយៈ​ចម្ងាយ​ខ្លី​បំពាក់​ដោយ​ម៉ាស៊ីន​ឥន្ធនៈ​រឹង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ចំពោះមីស៊ីលរយៈចម្ងាយឆ្ងាយ រួមទាំង ICBM “Hwasong-17” ដែលអាចធ្វើដំណើរ បានចម្ងាយជាង ១៥០០០គីឡូម៉ែត្រ និងទៅដល់ដីគោក របស់សហរដ្ឋអាមេរិកនោះ កូរ៉េខាងជើង ត្រូវបានគេគិតថា មានការព្រួយបារម្ភថា ពួកគេអាចវាយប្រហារ ខណៈដែលឥន្ធនៈរាវកំពុងត្រូវបានចាក់ ដើម្បីត្រៀមសម្រាប់បើកដំណើរការ៕

To Top