ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោសអាមេរិក សម្រាប់ការដាក់​អង្គភាព​ចិន​ចំនួន ៣៦ ក្នុងបញ្ជី​អង្គភាពលើ​ការ ​គ្រប់​គ្រង​ការ​នាំ​ចេញ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិកដែល ដាក់អង្គភាពចិនចំនួន ៣៦ លើ”បញ្ជីអង្គភាព”ការគ្រប់គ្រង ការនាំចេញរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងសកម្មភាព របស់សហរដ្ឋអាមេរិក ប្រទេសចិន នឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន និងស្ថាប័នរបស់ចិន។

អ្នកនាំពាក្យបានលើកឡើងថា ភាគីចិនបានកត់សម្គាល់ឃើញថា អង្គភាពរបស់ចិនចំនួន ២៥ ត្រូវបានដកចេញពី “បញ្ជីដែលមិនបានផ្ទៀងផ្ទាត់” ហើយប្រទេសចិន ស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះ ព្រោះវាបង្ហាញថា ភាគីទាំងពីរអាចដោះស្រាយកង្វល់ ជាក់លាក់តាមរយៈការទំនាក់ទំនង ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។

អ្នកនាំពាក្យបានបន្ដថា ភាគីអាមេរិកបានពង្រីកគំនិត នៃសន្តិសុខជាតិ បំពានការគ្រប់គ្រងការនាំចេញ និងវិធានការផ្សេងទៀត ហើយបានប្រើអំណាចរដ្ឋ ដើម្បីពង្រីកការបង្រ្កាបលើក្រុមហ៊ុន និងស្ថាប័នរបស់ចិន ដែលជាការបង្ខូចទ្រង់ទ្រាយទីផ្សារធម្មតា និងការអនុវត្តការគំរាមកំហែងសេដ្ឋកិច្ច ។

ការដាក់បញ្ចូលជាញឹកញាប់ នៃក្រុមហ៊ុនចិននៅក្នុងបញ្ជីឈ្មោះ អង្គភាពដោយសហរដ្ឋអាមេរិក រំខានដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងក្រុមហ៊ុនចិន និងសហរដ្ឋអាមេរិក ផ្ទុយនឹងច្បាប់ទីផ្សារ ធ្វើឱ្យខូចដល់ច្បាប់ទីផ្សារ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ប៉ះពាល់ដល់ស្ថិរភាពនៃ អ្នកនាំពាក្យបាននិយាយថា ខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ពិភពលោក និងធ្វើឱ្យខូចផលប្រយោជន៍នៃសន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top